ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងចិន ធ្វើសមយុទ្ធ រួម មានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ

ចែករំលែក៖

រុស្ស៊ីនិងចិនបានធ្វើសមយុទ្ធរួមគ្នា ជាលើកដំបូងចាប់តាំងពី ទីក្រុងមូស្គូ ធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុកការធ្វើសមយុទ្ធនេះគឺជាការយាមល្បាតរួមនៅលើដែនអាកាស ។
ក្នុងពេលនេះដែរ ចិននិយាយថា ការធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយរុស្ស៉ី មិនបានសំដៅលើប្រទេសណាមួយឡើយ។ យោធាចិន បានប្រកាសថាសមយុទ្ធដែនអាកាសរួមគ្នា ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយរុស្ស៉ីលើតំបន់សមុទ្រជប៉ុន, សមុទ្រចិនខាងកើត និងនៅភាគខាងលិចប៉ាស៊ីហ្វិក មិនបានសំដៅលើប្រទេសណាមួយឡើយ។
ក្រសួងការពារជាតិចិន បានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ការចេញប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូងជាមួយរុស្ស៉ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ គឺជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំប៉ុណ្ណោះ។ ប្រទេសចិន និងរុស្ស៉ី ធ្លាប់បានចេញប្រតិបត្តិការល្បាតបែបនេះ នាពេលកន្លងមក ក្នុងឆ្នាំ២០១៩, ២០២០ និង២០២១ រួចមកហើយ។
រុស្ស៉ី និងចិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចេញប្រតិបត្តិការល្បាតរួមគ្នារយៈពេល ១៣ម៉ោង នៅលើតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៉ី Tu-95 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន Xian H-6។
វាបានធ្វើឡើង ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បិទបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ី ជាទីដែលលោកបានធ្វើឱ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយនិយាយថា លោកមានឆន្ទៈក្នុងការប្រើកម្លាំងយោធា ដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះស្ថិតនៅក្រោមការវាយប្រហាររបស់ចិន៕

ដោយ៖ ធីរីណា(រូបថត៖ Tass)


ចែករំលែក៖