ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបើកកៀរគ្នាហើយរេចង្កូតទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿងបានបើកកៀរជាមួយរថយន្តឡិចសុីស មួយគ្រឿងទៀតបណ្តាលឱ្យរេចង្កូតទៅបុកដើមឈើគាបជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ។  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គ (ក្នុងបរិវេណកាំកូស៊ីធី) ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿងបើកស្របទិសដៅគ្នាពីត្បូងទៅជើង ដោយរថយន្តមួយគ្រឿងម៉ាកToyota Prius ពណ៌សពាក់ស្លាកលេខកម្ពុជា EYURY-68 និងមួយគ្រឿងទៀតម៉ាកLexus HS-250h ពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-9229 ខណៈបើកមកដល់ចំណុចកើតហេតុខាងលើបានបើកកៀរគ្នាបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកផ្ទប់ដើមឈើជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ ក្រោយពីសម្របសម្រួលគ្នាអស់មួយសន្ទុះធំមក ភាគីទាំងពីរនិយាយមិនត្រូវគ្នា ក៏បានប្រាប់ឱ្យសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរង់ចាំធ្វើការដោះស្រាយបន្តទៀតនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖