ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារកំប៉ុងហ្គាសបណ្ដាលឱ្យផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិត្រូវរលាយបាត់បង់តែមួយប៉ប្រិចភ្នែក

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីត្រូវអគ្គិភ័យឆាបឆេះខ្ទេចអស់ដោយបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដែលគិតជាទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារឯណោះ។ ហេតុការណ៍ឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចបានជួយធ្វើអន្តរាគមន៍មិនឱ្យមានការឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះនេះមានឈ្មោះ ទូច ជឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអភិបាលក្រុងបានឱ្យដឹងដែរថា ករណីនេះសង្ស័យមកពីផ្ទុះកំប៉ុងហ្គាសដែលម្ចាស់ផ្ទះបើកភ្លើងចម្អិនអាហារ។

    លោកទូច ជឿន ជាម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា ផ្ទះគាត់ដែលឆេះនេះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នៅគ្រាដែលកំពុងមានការឆាបឆេះក៏មានមានកម្លាំងចម្រុះទាំង៣ ប្រភេទ ក្នុងនោះមានកម្លាំងកងរាជអាវុធ ហត្ថ, កម្លាំងនៃស្នងការដ្ឋាននគរបាល និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ ក្នុងពេលចុះបើកប្រតិបត្តិការពន្លត់ភ្លើងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុង ចំនួន១គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង ជួយបាញ់ទឹកពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ដែលចំណាយពេលជាង១ម៉ោងទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

   លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបន្តទៀតថា សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះអស់១ខ្នង, ម៉ូតូ១ គ្រឿង សម្ភារផ្សេងៗ និងថវិកាមួយចំនួន​ធំ គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារឯណោះ ។ លោកអភិបាលក្រុងអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្សែភ្លើងនិងកំប៉ុងហ្គាសដែលងាយបង្កឱ្យមានការឆាបឆេះ។

   គួរបញ្ជាក់ថា ក្នុងករណីភ្លើងឆេះផ្ទះនេះមិនបណ្ដាលឱ្យមានមនុស្សស្លាប់ឬរបួស និងឆេះដល់ផ្ទះអ្នកជិតខាងឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖