ក្រោយការបាញ់ប្រហារនៅសាលាបឋមសិក្សាក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក អគ្គនាយកអង្គការ UNICEF លោកស្រី Catherine Russell នៅថ្ងៃទី២៥ ខែឧសភា បានអំពាវនាវឱ្យមានវិធានការការពារកុមារយ៉ាងល្អបំផុត។
លោកស្រី Catherine Russell បានលើកឡើងថា «សោកនាដកម្ម កើតឡើងផ្ទួនៗគ្នាដោយការបាញ់ប្រហារជាបន្តបន្ទាប់ ហើយជនរងគ្រោះជាកុមារស្លាប់ជាបន្តបន្ទាប់។ តើនៅមានកុមារប៉ុន្មាននាក់ទៀតត្រូវស្លាប់ មុនពេលថ្នាក់ដឹកនាំរដ្ឋាភិបាលមានវិធានការការពារសុវត្ថិភាពជូនកុមារពេលទៅសាលារៀន»។ លោកស្រីបន្តទៀតថា សកម្មភាពបែបនេះអាចនឹងបន្តកើតមានទៅលើកុមារ ប្រសិនបើមិនមានការចាប់ផ្តើមការពារពីពេលនេះ។
លោកស្រី Catherine Russell បានបញ្ជាក់ថា កុមារដែលរងការសម្លាប់នៅសាលារៀនបឋមសិក្សា Robb នៅក្នុងតំបន់ Uvalde រដ្ឋតិចសាស់ គឺជាតំបន់ដែលមានសុវត្ថិភាពបំផុតបន្ទាប់ពីផ្ទះរបស់កុមារទាំងនោះ ប៉ុន្តែបែរជាក្លាយទៅជាទីកន្លែងគ្រោះថ្នាក់ត្រូវបោះបង់ជីវិតចោលនៅទីនោះទៅវិញ។ លោកស្រីបន្តទៀតថា សោកនាដកម្មបែបនេះអាចនឹងបន្តកើតឡើង បើមិនមានវិធានការការពារយ៉ាងល្អបំផុតនោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ AP/TTXVN