ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានដាក់ពង្រាយកម្លាំងទាហានទប់ស្កាត់បាតុកម្មរបស់អតីតនាយករដ្ឋមន្ត្រី

ចែករំលែក៖

រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចដាក់ពង្រាយកម្លាំងទាហានការពារទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលក្នុងពេលដែលពលរដ្ឋរាប់សិបពាន់នាក់គាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan នាំគ្នាដង្ហែក្បួនបាតុកម្ម។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Rana Sanaullah បានបញ្ជាក់ថា «កម្លាំងទាហានប៉ាគីស្ថានត្រូវបានដាក់ពង្រាយដើម្បីការពារទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល តាមមាត្រាទី ២៤៥នៃរដ្ឋធម្មនុញ្ញប៉ាគីស្ថាន ។ ទីតាំងដែលដាក់ទាហានការពារ មានតុលាការកំពូល រដ្ឋសភា វិមាននាយករដ្ឋមន្ត្រី វិមានប្រធានាធិបតី ទីតាំងក្រសួងការបរទេស»។
លោក Rana Sanaullah បានបញ្ជាក់ថា «ចំនួនទាហានដែលត្រូវដាក់ពង្រាយ នឹងសម្រេចក្រោយពេលមន្ត្រីយោធាប្រឹក្សាជាមួយថ្នាក់ដឹកនាំរដ្ឋធានីអ៊ិស្លាមម៉ាបាដ»។
តាមសារព័ត៌មាន Dawn បានផ្សាយថា ការដាក់ពង្រាយកម្លាំងទាហាន ក្រោយពេលអតីតនាយករដ្ឋមន្ត្រី Imran Khan បានអំពាវនាវដល់ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មនៅទីតាំងសំខាន់ក្នុងរដ្ឋធានីអ៊ិស្លាមម៉ាបាដ រហូតដល់រដ្ឋាភិបាលលាលែងចេញពីតំណែង និងរៀបចំការបោះឆ្នោតថ្មី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ dawn.com


ចែករំលែក៖