ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់ លោក សួស យ៉ារ៉ា តំណាងគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រតិភូសហភាពអឺរ៉ុប

ចែករំលែក៖

សហភាពអ៊ឺរ៉ុប ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា, នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣:០០នាទីរសៀល តំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈទាក់ទងបរទេស នៃគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយ លោកស្រី Carmen Moren ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោកស្រី Camilla Ottoson អនុប្រធានបេសកកម្មស្ថានទូតស៊ុយអែត លោក Rornan Saldle អនុប្រធានបេសកកម្មស្ថាន ទូតនៃសាធារណរដ្ឋឆេក លោក Jost Kadle អនុប្រធានបេសកកម្មស្ថានទូតអាល្លឺម៉ង់ និង លោកស្រី Lisalotte Dubois មន្ត្រីស្រាវជ្រាវស្ថានទូតសាធារណរដ្ឋបារាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាដោយត្រង់ទៅត្រង់ មក អំពីបទពិសោធន៍នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅអឺរ៉ុប និងនៅកម្ពុជា ពិសេស ដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

នៅក្នុងជំនួបនេះ លោក សួស យ៉ារ៉ា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សា និងការគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសរបបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅ ក្រោមម្លប់សន្តិភាព។ លើសពីនេះ លោក សួស យ៉ារ៉ា បានពន្យល់អំពីបុព្វហេតុប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរ នយោបាយ និងតួនាទីរបស់កម្ពុជា នៅក្នុងអនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ាន ក្នុងការថែរក្សានូវអធិបតេយ្យ ឯករាជ្យភាព ក៏ដូចជាការចូលរួមចំណែកថែរក្សារនូវអព្យាក្រិតភាពរបស់អាស៊ាន។ ភាគីអឺរ៉ុបក៏បានយល់អំពីការ ពន្យល់របស់គណបក្សប្រជាជនកម្ពុជា លើការកសាងគោលនយោបាយ ការកសាងបក្ស ការដឹកនាំបក្ស ការចូល រួមរបស់យុវជន និងស្ត្រី ព្រមទាំងការពិភាក្សាជាបន្តបន្ទាប់នូវការតាក់តែងច្បាប់ទាំងឡាយ ដែលឆ្លើយតបទៅនឹង អ្វីដែលជាតម្រូវការរបស់ប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីការព្យាករណ៍របស់គណបក្ស ទៅលើលទ្ធភាព ជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងអំពីតួនាទី និងសារសំខាន់នៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំង ប្រទេស ព្រមទាំងមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃ គជប និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖