ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូដួលហើយត្រូវរថយន្តមកពីក្រោយកិនយ៉ាងពេញទំហឹង។

   ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ កាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២។

    មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះលឹម សុភក្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍   ខេត្តព្រៃវែង បើកម៉ូតូពីទិសខាងលិចទៅទិសខាងកើត។  លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់ដួលម៉ូតូហើយខ្ទាតទាំងម៉ូតូនិងមនុស្សមកខាងឆ្វេងដៃត្រូវរថយន្ដពីរគ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិច ដែលទីមួយមិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ(បើករត់គេចបាត់ក្រោយកើតហេតុ) បានទៅជាន់មនុស្សដែលដួល ម៉ូតូនោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។  ចណែករថយន្តទីពីរម៉ាក HYUNDAI ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ4A-6246 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ(ចុះរត់គេច) បានបើកទៅជាន់ម៉ូតូ។

   ប្រភពបានបន្តទៀតថា ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងម៉ូតូនិងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាកដែលបើកបរត់នោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ដដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖