ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន! ខឹងបងថ្លៃស្រីស្រលាញ់ក្មួយលម្អៀងទាញដុំថ្មគប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាពេលស្រវឹងស្រាបានយកដុំថ្មគប់ទៅលើបងថ្លៃស្រីបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈដែលជនសង្ស័យខឹងបងថ្លៃស្រីនេះលម្អៀងស្រឡាញ់ក្មួយៗមិនស្មើគ្នា។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

    តាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឈន់ អុល អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

    ចំណែកស្ត្រីរងគ្រោះត្រូវជាបងថ្លៃមឈ្មោះពៅ ចន្ថា អាយុ៥២ឆ្នាំ រស់នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង  រងរបួសត្រូវចំក្បាលផ្នែកខាងក្រោយបែកហូរឈាមរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

    តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងហើយអន់ចិត្តនឹងបងថ្លៃស្រីដែលស្រលាញ់ក្មួយមិនស្មើភាពគ្នា ខណៈនោះស្រាប់តែទាញបានដុំថ្មគប់ទៅលើបងថ្លៃបណ្ដាលឱ្យត្រូវចំក្បាលផ្នែកក្រោយបែកហូរឈាមរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារចេញមកឃាត់និងរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យយកទៅសួរនាំនៅប៉ុស្ត៏រដ្ឋបាលជ្រុងពពេល។

   បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖