ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជិះម៉ូតូស្វែងរកកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ តែត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ។

     សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅភូមិខ្ពប ឃុំរការលើ ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ៖ ទី១.ឈ្មោះ ភា លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ  ។ទី២.ឈ្មោះ មន ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

     វត្ថុតាងចាប់យក: ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន០២, ២/ដែកតូចស្រួចសម្រាប់ឆ្កឹះសោរចំនួន០១, ៣/កូនសោរម៉ូតូចំនួន០១, ៤/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខភ្នំពេញ1HJ-3010 មានលេខតួ 345132 និងលេខម៉ាស៊ីន345222 ចំនួន០១គ្រឿង  ,៥/ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ1JA-8557 មានលេខតួ និងលេខម៉ាស៊ីន0066231 ចំនួន០១គ្រឿង។

     សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង០៧ និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ បានទុកម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ1JA-8557 នៅកន្លែងទុកម៉ូតូឃ្លាំងការ៉ូក្រុមហ៊ុន SL ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយបានចាក់សោ.កម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះក៏បានបើករថយន្តដឹកការ៉ូទៅដាក់ឱ្យម៉ូយនៅតាមខេត្ត។ 

    លុះមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន២នាក់ ខាងលេីបានជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខភ្នំពេញ1HJ-3010 មកធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូម៉ាកហុងដាវ៉េវ របស់ជនរងគ្រោះ ហើយបើកម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃេីញក៏ស្រែថាចោៗ​ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្មបានជិះម៉ូតូល្បាតក៏ឃេីញនិងបានជិះម៉ូតូដេញតាមពីក្រោយ​ និងបានបោះដៃតាមវិទ្យុទាក់ទងមកកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោជួយដេញរហូតមកដល់ផ្លូវបេតុង៥០ម៉ែត្រចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ក៏នាំមកធ្វេីការសាកសួនៅអធិការដ្ឋានខណ្ឌដង្កោ។ 

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា​ ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយសារតែពួកគេអត់មានលុយទៅទិញថ្នាំញៀនជក់ ហេីយពួកគេបានឆ្លើយប្រាប់ថាពួកគេធ្លាប់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅក្នុងរាជធានីភ្នំពេញគឺច្រើនលើករួចមកហើយ​ ពេលដែលធ្វើសកម្មភាពបានសម្រេចពួកគេតែងតែយកម៉ូតូទៅលក់នៅម្ដុំផ្សារឃ្លាំងរំសេវ។

     បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖