ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសពីរនាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ក្នុងភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

    មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថាជនរងគ្រោះទាំង២នាក់នោះទី១-មានឈ្មោះសាន ជ័យ ភេទប្រុសអាយុ១៨ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរឈ្មោះជិន ម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ(ស្លាប់) ជនរងគ្រោះទាំងពីរនាក់នេះរស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង ១J-៥៨៥៦ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានបើកវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនិង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានបើកបររថយន្តគេចខ្លួនបាត់) ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខកំពង់ចាម ២A-១៧០៧ពេញទំហឹងតែម្តង។ 

    ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖