ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែឧសភា ឆ្នាំ២០២២នេះថា៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែឧសភាម្សិលមិញនេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់៣ មកជាដីតំបន់២ ហើយដីតំបន់២មកជាតំបន់១ (សម្រាប់ដីប្រជាពលរដ្ឋធ្វើការអាស្រ័យផលរាប់សិបឆ្នាំ) សម្រាប់ផ្ដល់កម្មសិទ្ធិជាប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះការអញ្ជើញចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី និងអស់លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធដែលបានរួមដំណើរជាមួយសម្ដេច ចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបងដើម្បីបំពេញភារកិច្ចបំរើជាតិ បំរើប្រជាជន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីឱ្យការអភិរក្សបឹងទន្លេសាបដើរទន្ទឹមគ្នានឹងការគិតគូពីជីវភាពប្រជាពលរដ្ឋ។
ឆ្លងកាត់កិច្ចប្រជុំដែលមានការលើកយោបល់ និងពិភាក្សាគ្នាយ៉ាងផុសផុលពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តបាត់ដំបងរួចមក សម្ដេចក្រឡាហោម បានប្រគល់ភារកិច្ចពាក់ព័ន្ធនឹងការអនុវត្តន៍ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ជូនរដ្ឋបាលខេត្តបាត់ដំបងដឹកនាំមន្ត្រី និងក្រុមការងារបច្ចេកទេស ចាប់ផ្ដើមបំពេញភារកិច្ចទៅតាមជំនាញ និងតាមគោលការណ៍ណែនាំរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖ស តារា