ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកនិងកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូធំមួយគ្រឿងឆ្លងផ្លូវត្រូវបានរថយន្តកុងតឺន័របុកនិងកិនហើយអូសម៉ូតូនៅក្រោមរថយន្តចម្ងាយជាង១០០ម៉ែត្រ។ ក្រោយកើតហេតុ តៃកុងបានចុះពីលើរថយន្តគេចខ្លួនបាត់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយមហាវិថីចោមចៅកែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ គុណ សារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៦៤ ភូមិព្រែកអញ្ចាញ ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះជិះម៉ូតូធុនធំមួយគ្រឿងម៉ាកCB ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM-7528។

    តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវចោមចៅឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3B-5247ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសទៅដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូនិកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើកចេញពីកន្លែងកើតហេតុអូសទាំងម៉ូតូនៅក្រោមរថយន្តរហូតជាង១០០ម៉ែត្រ ហើយតៃកុងរថយន្តបង្កហេតុមើលសភាពមិនស្រួលក៏បានឈប់រថយន្តរួចបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលទៅ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖