ខេត្តកណ្ដាល ៖ បុរសជាអ្នកគង្វាលគោម្នាក់បានយកគោទៅឃ្វាលនៅវេលារសៀល ហើយពេលជិតព្រលប់ស្រាប់តែឃើញគោដើរដល់ផ្ទះ តែមិនឃើញម្ចាស់ លុះព្រឹកឡើងក្រុមគ្រួសារក៏នាំគ្នាដើរស្វែងរកស្រាប់ប្រទះឃើញស្លាប់នៅក្នុងទន្លេដោយសង្ស័យថា ការស្លាប់នេះជាករណីលង់ទឹក។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ នៅចំណុចដងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្តីនគបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នុត ទី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានចេញទៅឃ្វាលគោនៅលើកោះ រហូតដល់វេលាម៉ោង១៧និង១៥នាទី ស្រ្តីជាកូនរបស់ជនរងគ្រោះឃើញគោមកដល់ផ្ទះតែមិនឃើញឪពុក(ជនរងគ្រោះ) ក៏ទៅសួរម្តាយថា ម៉េចបានមិនឃើញពុកមកផ្ទះ ទើបនាំគ្នាទៅរកជនរងគ្រោះនៅឯទន្លេ។ ពេលទៅដល់ឃើញស្បែកជើងនិងមួករបស់ជនរងគ្រោះអណ្តែតទឹកក៏បាននាំគ្នា ចុះមុជក្នុងទឹកទន្លេដែលមានជម្រៅប្រហែលពីរម៉ែត្រកន្លះ ហើយរកឃើញជនរងគ្រោះនៅបាតទន្លេក៏បានស្រង់ឡើងពីក្នុងទឹកមក តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញទទួលបានព័ត៌មានខាងលើនេះភ្លាមក៏ចុះទៅពិនិត្យមើលសាកសពជនរងគ្រោះ ដោយពិនិត្យឃើញថា នៅលើដងខ្លួនអវយវៈជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ក្រោយពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាង ជ័យ