ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យសង្វេគណាស់! ២នាក់បងប្អូនបង្កើតនាំគ្នាចុះបេះផ្លែឈូកលង់ទឹកស្លាប់ទាំងពីរនាក់នៅស្រុកបរិបូរណ៍

ចែករំលែក៖

   ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីប្រុស២នាក់ជាបងប្អូនបង្កើតនឹងគ្នាបានស្លាប់ទាំងពីរនាក់ បន្ទាប់ពីនាំគ្នាចុះទៅបេះផ្លែឈូកនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងពោធិ៍ ឃុំឃុនរ៉ង ស្រុកបរិបូរណ៍។

   លោក ប៉ែន សុផារី អធិការរងនគរបាលស្រុកបរិបូរណ៍បានឱ្យដឹងថា កុមាររងគ្រោះដោយសារលង់ទឹក ទី១-ឈ្មោះ យ៉ុង វន្នី ភេទស្រី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ យ៉ុង បញ្ញា  ភេទប្រុស អាយុ ៧ឆ្នាំ កុមាររងគ្រោះទាំង២នាក់ មានឪពុកឈ្មោះ  សុខ ធី ម្ដាយឈ្មោះសុខ នី មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។

   លោកអធិការរងបានឱ្យដឹងទៀតថា យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុកុមាររងគ្រោះទាំង២នាក់ខាងលើបានទៅបេះផ្លែឈូកជាមួយឪពុកនិងម្ដាយមីង ប៉ុន្តែពេលបេះផ្លែឈូកនោះពួកគេបានដើរបែកគ្នានៅក្នុងបឹងមួយកន្លែងមានចម្ងាយប្រមាណ១០០ម៉ែត្រពីខាងក្រោយផ្ទះរបស់ពួកគេ។ ខណៈដែលកំពុងដើរបេះផ្លែឈូក ឪពុកនិងម្តាយមីងបានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញ ហើយមានការសង្ស័យក៏ចុះរាវក្នុងបឹងស្រាប់តែឃើញក្មួយៗលង់ទឹកស្លាប់អោបគ្នាទាំង២នាក់បាត់ទៅហើយ ។ បន្ទាប់ពីរាវរកឃើញសពកូននិក្មួយហើយ ភ្លាម ក្រុមគ្រួសារបានដឹកយកក្មេងរងគ្រោះៗនោះអ្នកទាំង២នាក់ក៏ដឹកកូននិងក្មួយយកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេបានស្លាប់បាត់ទៅហើយ និងបានប្រគល់សពឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកសង្រេងយ៉ាងក្រៃលែង ពីឪពុកម្ដាយ និងក្រុមគ្រួសា ៕

ដោយ ៖ ចន្ថា


ចែករំលែក៖