ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ សូមថ្វាយព្រះពរ សម្ដេច​សុីសុវត្ថិ​ ពង្សនារី​ មុនីពង្ស​ ក្នុងព្រះវរោកាសចម្រើនព្រះជន្មគម្រប់ ៧៥ យាងចូល ៧៦ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ ៖ ​សម្ដេច​សុីសុវត្ថិ​ ពង្សនារី​ មុនីពង្ស​ ជាព្រះបុត្រីនៃសម្ដេច​ក្រុម​ហ្លួង​ សុីសុវត្ថិ​ មុនី​ពង្ស​ (ព្រះ​រាជ​បុត្រា​នៃ​ព្រះករុណាព្រះ​បាទ​ សុីសុវត្ថិ​ មុនីវង្ស​ ព្រះបរមខត្តិយកោដ្ឋ) និង​អ្នកម្នាង​ សុន​ ​ណារី​ ។

ព្រះអង្គត្រូវបាន ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហាវីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ​ បូរណភាព​ទឹក​ដី​ និង​ឯក​ភាព​ជាតិ​ខ្មែរ​ ​ព្រះ​បរម​រតនកោដ្ឋ​ និងសម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ សព្វព្រះរាជហឫទ័យ​ ចញ្ចឹម​បីបាច់​ថែរក្សា​ដូច​ព្រះ​រាជ​បុត្រី​បង្កើត​។

សម្ដេច​សុីសុវត្ថិ​ ពង្សនារី​ មុនីពង្ស​ ប្រសូត​នៅ​ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​១៩៤៧នៅ​រាជធានីភ្នំពេញ​។ ព្រះ​អង្គ​គង់​ប្រថាប់​យ៉ាង​សាមញ្ញ​ និង​ស្ងប់ស្ងាត់នៅក្នុង​រាជធានីភ្នំពេញ​​ ជា​និច្ច​ជា​កាល​ ព្រះ​អង្គ​ត្រូវ​បាន​ ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ​ ព្រះ​បរមរតនកោដ្ឋ​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ជា​ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​បំផុត​  ក្នុង​កម្មវិធី​ចែក​ព្រះ​រាជ​អំណោយ​ និង​កម្ម​វិធី​ ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​ទៀត​។

សម្ដេច​សុីសុវត្ថិ​ ពង្សនារី​ មុនីពង្ស​  ត្រូវបានដំឡើង​គោរមងារ​ជា​ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​ នៅ​ឆ្នាំ​១៩៩៣​ និង​ដំឡើងគោរមងារ​ជា​ “​សម្ដេច​ “​ នៅ​ឆ្នាំ​២០០៤ ៕

ដោយ ៖ សិលា


ចែករំលែក៖