ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឡូយ​ សុផាត ៖​ ​តម្លៃ​សន្តិភាព​សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជាជន និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃកម្ពុជា

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង ​៖​ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៩៥រូប ចំណុះគណៈកម្មាធិការគណបក្សឃុំអូររៃ និងសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជាឃុំអូរៃ ក្នុងកំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ស្ថិតនៅឃុំអូររៃ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមសរុប ៥០០នាក់ ។ 

ជាកិច្វចាប់ផ្តើម លោកស្រី ហែម សាវី ប្រធានគណៈកម្មាធិការបក្សឃុំអូររៃ បានឡើងមានមតិស្វាគមន៍ និងបានរាយការណ៍អំពីសភាពការណ៍ទូទៅ និងការងារឃោសនាគោលនយោបាយបក្ស មានដូចជា ការចែក​ខិតប័ណ្ណ ការបិទផ្សាយរូបភាព ការផ្សព្វផ្សាយតាមឧឃោសនស័ព្ទ និង​ការជួបប្រជុំនានា ដើម្បីយកសំណូមមពរនានា និង​ការលំបាក​របស់​ប្រជាជន​ក្នុងជីវភាពរស់នៅ មកធ្វើការពិនិត្យ និង​ដោះស្រាយ​តាម​លទ្ធភាព​របស់ថ្នាក់ឃុំ និងក្រុមការងារជួយឃុំ ផងដែរ។ 

បន្ទាប់មក លោក សួន ផុន អនុប្រធានបក្សស្រុក និង​ជា​ប្រធាន​គណៈចាត់តាំងបក្សស្រុក បានឡើងអានសេចក្តីសម្រេចស្តីពី ការ​យល់ព្រមបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៩៥រូបចំណុះគណៈកម្មាធិការបក្សឃុំអូររៃ។ 

ក្រោយពីអានសេចក្តីសម្រេចរួច លោក ឡូយ សុផាត បាន​ប្រគល់​សេចក្តី​សម្រេច​ជូនសកម្មជនគណបក្សប្រជាជនកម្ពុជា ផងដែរ។ នាឱកាសនេះ លោក​ ឡូយ​ សុផាត​ ក៏បានឡើងមានមតិសំណេះសំណាល និងការផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលបាន​ធ្វើឲ្យ​ប្រទេសជាតិ​មាន​ការ​រីកចម្រើន​ឥតឈប់ឈរលើគ្រប់វិស័យ ដោយសម្រេចបានសមិទ្ធផលធំៗ រហូត​មក​ដល់ពេលនេះ គួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។  

លោកប្រធាន​ក្រុមការងារ​ ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់ និង​តម្លៃ​សន្តិភាព​សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជាជន និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​តែង​បានសាទរ និងកោតសរសើរខ្ពស់។ 

លោក​ ឡូយ​ សុផាត​ ក៏បានស្នើដល់បងប្អូនសមាជិកបក្សយើង ត្រូវខិតខំ​កែប្រែ​ជីវភាព​រស់នៅ តាមរយៈការបង្កបង្កើនផលដំណាំ ការបង្កើនចំណេះដឹង គំនិត ប្រាជ្ញា ស្មារតី  នាំឲ្យមានការផ្លាស់ប្តូរការគិត ចេះច្នៃប្រឌិត ការកែច្នៃ​ផលិតផលរបស់ខ្លួន នឹងនាំឲ្យមានការរីកចម្រើន ដោយសារមានទឹកស្រោចស្រព្វដំណាំ គួបផ្សំ​នឹង​បច្ចេកទេស​ថ្មី​ទំនើប​ក្នុងការ​ដាំដុះ  ដែលនឹងទទួលបានទិន្នផលខ្ពស់ជាងមុន ឈាន​ទៅ​បង្កើន​វិស័យកសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ និងកសិ-ពាណិជ្ជកម្ម សម្រាប់​លក់​លើ​ទីផ្សារជាតិ និងនាំចេញទៅបរទេស  ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ផងដែរ។ 

លោកប្រធាន​ក្រុមការងារ​ ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត៕

ដោយ​៖សហការី​


ចែករំលែក៖