ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ និងពុទ្ធបរិស័ទ ៥២ នាក់ បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានបាញ់ហយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ ចំណុះ ជើងវត្ត ៥២ អង្គ/នាក់ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រោយពីបានពុលចំណីអាហារនៅក្នុងវត្ត នា​ថ្ងៃសីល​វេលា​ម៉ោង ​១០ និង​ ៣០ នាទី ព្រឹក កាលពីថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត សំរោង​លើ ក្នុង​ឃុំ​ឆ្នាលមាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។

បើតាម​ការរៀបរាប់​ពី​អ្នក​ជំងឺ​មួយចំនួន​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី បាន​និយាយថា កាលព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ ២០២២នេះ គឺជា​ថ្ងៃសីល ដូច្នេះហើយ​ទើប​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​រៀបចំ​ធ្វើ​បាញ់ហយ ដើម្បី​ប្រគេន​ព្រះសង្ឃឲ្យ​ប្លែក​មាត់​ម្តង​។​ ប្រភព​ដដែល​បាន​បន្តថា លុះ​ក្រោយពី​ព្រះសង្ឃ​ឆាន់​រួច និងប្រជា ពលរដ្ឋ​ទាំងអស់​ក៏បាន​ចាប់ផ្តើម​នាំគ្នា​បរិភោគ​យ៉ាង​ឆ្ងាញ់​ពិសា ប៉ុន្តែ​មិនបាន​ប៉ុន្មាន​នាទី​ផង ទាំងព្រះសង្ឃ​ក៏ដូចជា​ពុទ្ធបរិស័ទ​ចាប់ផ្តើម​មាន​អាការៈ​ក្អួតចង្អោរ និង​រាករូស​ឥតឈប់ឈរ ទើប​អាជ្ញាធរ​ចាត់​រថយន្ត​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ដើម្បី​សង្គ្រោះ ដែល​ក្នុងនោះ​សរុប​ចំនួន ៥២ អង្គ/នាក់ គឺ​ព្រះសង្ឃ ៤ អង្គ និងប្រជា​ពលរដ្ឋដែលក្នុងនោះស្រី​ចំនួន​ ៣០ ​នាក់និង​ប្រុស ១៨ នាក់ ។

បើតាម​ការអះអាងពី​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺអាច​បណ្តាលមកពី​បន្លែ​ឆៅដែលផ្ទាប់នៅក្នុងបាញ់ហយ ដែល​លាង​មិន​ស្អាត ទើប​បណ្តាលឲ្យ​មានកា​រ​ឆ្លង​បាក់តេរី ទៅក្នុង​ខ្លួន​មនុស្ស​។

 នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែឧសភា នេះដែរ កម្លាំង​ការិយាល័យ​បច្ចេកទេស និង​កោសល្យវិច័យ បាន​ត្រៀម​ចុះទៅ​កាន់​កន្លែងកើតហេតុ​ហើយ ដើម្បី​ស្រាវជ្រាវ និង​សិក្សា​លើ​បញ្ហា​នេះថា​ តើ​ដើមចម​ គឺ​បណ្ដាល​មកពី​អ្វី៕

ដោយ៖ សូរិយា


ចែករំលែក៖