ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៣នាក់ នៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង៖ នៅព្រលប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំនឹងរថយន្តធុនតូចដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិចលើផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលឱ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៥នាក់និងស្លាប់២នាក់ជាស្ត្រី។

    មន្ត្រីមានសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េម៉ាកHYUNDAI MIGHTY ធុនធំដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់)បានបន្សល់នូវឯកសារនៅក្នុងរថយន្តដូចជា៖ ១-បណ្ណចាក់វាក់សាំងកូវីដ-១៩មួយសន្លឹក, ២-បណ្ណបើកបរប្រភេទ Bមួយសន្លឹក, ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

    ចំណែករថយន្តធុនតូចម៉ាកឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-2636 បើកបរដោយឈ្មោះឈួន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឈូក ឃុំជីខលើ  ស្រុកស្រែអំបិល រងរបួសស្រាល ក្នុងនោះមានអ្នករួមដំណើរចំនួន៤នាក់ទៀត គឺ៖

១-ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាកូន(ស្លាប់)កូនលោក ឈួន សុភក្ត្រ។

២-ឈ្មោះឈួន លីហ៊ួ ភេទប្រុសអាយុ៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។

៣-ឈ្មោះឈួន គឹមលាង ភេទស្រីអាយុ៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់ អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

៤-ឈ្មោះឡុង ហួយ ភេទស្រី អាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លាប់)។

   មន្ត្រីនគរបាលមូលដ្ឋានបញ្ជាក់អំពីមូលហេតុ គឺដោយរថយន្តធុនធំប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងរេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេងដែលបើកបញ្ច្រាសទិសគ្នា ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

    គួរបញ្ជាក់ថា វត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖