ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅសង្កាត់គយត្របែកសូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង ដើម្បីនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។
ការថ្លែងបែបនេះរបស់លោកអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែប្រវែងជាង៥០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១ ខែមិថុនាឆ្នាំ២០២២ ដែលមានការចូលរួមពីលោកនួន លីហួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់គយត្របែក ប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ផងដែរ។
លោកជុក មុន្នី បានថ្លែងអំណរគុណចំពោះលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តដែលបានយកចិត្តទុកដាក់និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបានផ្តួចផ្តើមឱ្យលោកប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែកធ្វើការស្ថាបនាផ្លូវចាក់បេតុងមួយខ្សែប្រវែងជាង៥០០ម៉ែត្រ ហើយត្រូវបានបើកការដ្ឋានស្ថាបនាថ្ងៃនេះ។
លោកបានបន្តថា សមិទ្ធផលផ្លូវមួយខ្សែនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់គយត្របែក និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀងដែលលោកស្រីតែងតែយកចិត្តទុកដាក់គិតគូរជាមួយសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។
លោកបន្តទៀតថា ផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ គឺវាថែមទាំងចំណេញទាំងពេលវេលានិងថវិកាថែមទៀតផង ដូច្នេះ សូមបងប្អូនទាំងអស់គ្នាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំស្ថាបនាឡើង៕
ដោយ៖យឹម សុថាន