ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមដោយជិះម៉ូតូបុករថយន្តកុងតឺន័រឈប់ពីក្រោយផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈបុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រឈប់ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យធ្លាយខួរស្លាប់នឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ស្ថិតនៅលើផ្លូវ៣១៤D​នៅភូមិ​ត្រពាំងឆ្លូញឃុំ ញរ​ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ កុយ វ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តកុងតឺន័រ​ ស្លាកលេខ ភ្នំពេញ ៣B.៥៧០៩  សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A.១១៧៦ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣B.៥៧០៩  សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A១១៧៦ដោយធ្វើដំណើរពីត្បូងទៅជើងហើយក៏បានឈប់ចតលើផ្លូវខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១K.០៤២៥ក្នុងទិសដៅស្របគ្នាក៏បុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យ
ធ្លាយខួរស្លាប់នឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

បច្ចុប្បន្នសមត្ថកិច្ចបានវាស់វែងនិងអូសយកវត្ថុតាងម៉ូតូនិងរថយន្តមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលញរដើម្បី កសាង​សំណុំរឿង​តាមច្បាប់ រីឯ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖