ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទ​ព្រះវិហារ​ ជា​កេរ​មរតក​ដូនតា​​និង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញអស្ចារ្យ ជាសម្បត្តិមហាសាលរបស់មនុស្សជាតិមិនអាចកាត់ថ្លៃបានឡើយ

ចែករំលែក៖

ភ្នំពេញ ៖ អង្គការ UNESCO បានដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ 

ការសម្រេចបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាករណី ចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ។ រាជរដ្ឋាភិបាល បានប្រមូលនិងចងក្រង ឯកសារជាច្រើន ដាក់ជូនដល់អង្គការ UNESCO ជាមួយនិងការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់ លើគោលជំហរ ឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណរបស់ខ្លួន។ 

យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីត ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែល បានសាងសង់ប្រាសាទព្រះវិហារ  និងប្រាសាទបុរាណដទៃទៀត នៅពាសពេញប្រទេសទុកឲ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឲ្យអន្តរជាតិ កោតស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។ 

យើងជាកូនចៅ ចៅទួត ចងចាំជានិច្ចចំពោះព្រះរាជបូជនកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានទាមទារ តតាំងក្តី នៅតុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្តីឲ្យកម្ពុជាឈ្នះលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ 

បច្ចុប្បន្ននេះប្រាសាទព្រះវិហារ ទទទួលបានការអភិរក្សនិងអភិវឌ្ឍន៍ យ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងអង្គការ UNESCO រួមនឹងដៃគូអន្តរជាតិជាច្រើនទៀត ៕

ប្រភព៖ (ទទក)


ចែករំលែក៖