ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ មានសមាជិកសមាជិកាចូលរួមប្រមាណជាង៣ម៉ឺននាក់នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២២គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានរៀបចំដង្ហែក្បួនឃោសនាក្នុងរូបភាពទ្រង់ទ្រាយធំសម្បើមដែលមានប្រជាពលរដ្ឋ,មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈចូលរួមប្រមាណជាង៣ម៉ឺននាក់ ។ នេះបើតាមការឱ្យដឹងពីក្រុមមន្ត្រីដែលរៀបចំក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ។

   ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រីជាភរិយា ។      ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។ ក្បួនដង្ហែត្រូវបានធ្វើឡើងតាមមហាវិថី,តិរវិថី  និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានមកបន្តជួបជុំនិងបញ្ចប់នៅកោះពេជ្រ ខណ្ឌចំការមន។  ជាមួយគ្នានេះនៅតាមបណ្តាខណ្ឌទាំង១៤ក៏បានដង្ហែក្បួនតាមខណ្ឌរបស់ខ្លួនយ៉ាងកងរំពងដែរ ដែលបង្ហាញឱ្យឃើញពីថាមពលដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជាក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ មិថុនានេះ ។

   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានសមត្ថភាពពិតនិងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញប្រទេសនិងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លាឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា សម្រាប់ពិធីដ៏គគ្រឹគគ្រេងនេះ ពិតជាបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តរួមគ្នាដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី០៥ខែមិថុនានេះ ដើម្បីបន្តដឹកនាំសង្កាត់ទាំង១០៥នៅក្នុងរាជធានីភ្នំពេញ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានជំរុញឱ្យកម្ពុជា កាន់តែអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងឡើង។

    ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើឱ្យមន្ត្រីរបស់បក្ស ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការបោះឆ្នោតរបស់គណៈកម្មាធិការបោះឆ្នោត ដើម្បីទទួលបាននូវការឈ្នះឆ្នោតដោយភាពថ្លៃថ្នូរ និងកុំផឹកគ្រឿងស្រវឹងនៅថ្ងៃទី០៤និងទី០៥ខែមិថុនា ដោយប្រែក្លាយពីសមាជិក ឬសមាជិកាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា។

     តាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឱ្យដឹងថា៖ ផ្អែកតាមការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតរបស់គ.ជ.បនៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២នៅរាជធានីភ្នំពេញមានចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន៨៩៩.៦៨៨នាក់, ចំនួនការិយាល័យបោះឆ្នោតសរុប មាន២.១៩៧ការិយាល័យ, ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ, ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។ គណបក្សនយោ បាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសម្រាប់នៅរាជធានីភ្នំពេញក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។គណបក្សទាំង១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជាជាតិនិយម, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ។ 

   ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែបដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៏ឃុំ សង្កាត់ឆ្នាំ២០២២.២០២៧។

ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២១ ខែឧសភា បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧មករាឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ។បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាពក្រោមនយោបាយឈ្នះ=ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងការឯកភាពជាតិហើយរួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី  អភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាព រស់នៅរបស់ខ្លួន។ដូច្នេះយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គមក៏ដូចសិទ្ធិសេរីភាពក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតជាដើម៕

ដោយ ៖ សំរិត


ចែករំលែក៖