ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍សង្ស័យដឹកធ្ងន់ពេកបណ្តាលឱ្យបាក់ស្រុតបំផ្លាញផ្លូវបេតុងមួយកន្លែងហើយទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរ សមត្ថកិច្ចមិនត្រូវអត់ឱនចំពោះឡានដឹកជញ្ជូនធ្វើអាជីវកម្មបំផ្លាញផ្លូវឡើយ។ នេះហើយដែលជាមូលហេតុនាំឱ្យផ្លូវមួយចំនួនទទួលរងការខូចខាត ក៏ព្រោះតែរថយន្តដឹកមិនប្រមាណពីទម្ងន់។ ជាក់ស្តែងផ្លូវបេតុង មួយកន្លែងបានរងការខូចខាតដោយសារតែរថយន្តក្រឡុកស៊ីម៉ងត៍ សង្ស័យដាក់លើសទម្ងន់បានបាក់ស្រុត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តលាយក្រឡុកបេតុងជាច្រើនគ្រឿង បានដឹកបេតុងដែលលាយរួចចេញពីក្រុមហ៊ុនដើម្បីយកមកក្រាលចាក់ឃ្លាំងការដ្ឋានមួយកន្លែងដែលទើបនឹងសាងសង់ថ្មីនៅចំណុចកើតហេតុខាងលើ ចុះពីផ្លូវលេខ៣៧១ ចូលមកផ្លូវបេតុងក្នុងភូមិត្នោតជ្រំ៣ប្រហែងជាង៥០ម៉ែត្រ ហើយស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1361 បានដឹកបេតុងចូលមកចាក់ក្រាលដែរ ខណៈមកដល់ច្រកចូលផ្លូវលេខ៣៧១ រថយន្តខាងលើបានបត់ស្តាំចូល តែបានបាក់ស្រុតរថយន្តហើបកង់មុខប៉ះជាមួយបង្គោលភ្លើងផ្អៀងរថយន្តចុះទៅខាងក្រោមទៅមុខលែងរួច។

    សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីអគ្គិសនីកម្ពុជា ចុះទៅពិនិត្យនៅទីតាំងកើតហេតុដើម្បីវាយតម្លៃពីទំហំនៃការខូចខាត និងឱ្យខាងក្រុមហ៊ុនរថយន្តលាយបេតុងសងថ្លៃខូចខាតនិងជួសជុលផ្លូវរួមទាំងបង្គោលភ្លើងឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

     តាមពិតទៅ អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធគួរតែពិន័យយករថយន្តដឹកបែបៗនេះទៅរក្សាទុកមួយរយៈប្រយោជន៍ឱ្យខាងក្រុមហ៊ុនមានភាពទទួលខុសត្រូវ ក៏ដូចជាចូលរួមចំណែកថែទាំផ្លូវឱ្យមានអាយុកាលយូរអង្វែង បម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សហការី


ចែករំលែក៖