ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះជួលទាំងវេលារសៀលខណៈដែលប្រទះឃើញបុរសពិការជើងម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលឡើងធំុក្លិនស្អុយទៅហើយ ដែលករណីនេះគេសង្ស័ុយថាជនរងគ្រោះអាចមានជំងឺខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះផុន ត្រេន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ជាជនពិការជិះរទេះកង់រុញដើរសុំទានគេ មានទីលំនៅភូមិចចក ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពបន្តថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់លេខA២៦ ជាបន្ទប់ជួលនៃផ្ទះរបស់ឈ្មោះ សាំង សារ៉ន (ហៅនី) ភេទប្រុស អាយុ៦១ឆ្នាំ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញខាងពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយលោកវេជ្ជបណ្ឌិត អំ សំអាន គ្រូពេទ្យផ្នែករបួសមន្ទីរពេទ្យបង្អែកជីភូ ដឹកនាំដោយលោកវរសេនីយ៍ទោ កៅ ហ៊ន អធិការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌក្រុងបាវិត បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យលើដងខ្លួនសាកសព និងបានសន្និដ្ឋានផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការស្ដាប់ចម្លើយសាក្សីឆ្លើយបំភ្លឺ និងលោកវេជ្ជបណ្ឌិត អំ សំអាន ថា សាកសពពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែនដោយមិនស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានបញ្ជូនទៅតម្កល់ទុកក្នុងវត្តតាឡុកដើម្បីស្រាវជ្រាវរកគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន