ខេត្តកំពង់ចាម ៖ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតត្រួតពិនិត្យទីស្នាក់ការ គ.ឃ.ស.ប និងពង្រឹងសន្តិសុខ តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម នាវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បាទបានណែនាំអោយភ្នាក់ងារសន្តិសុខទាំងអស់ត្រូវ ពង្រឹងលើកិច្ចការពារសន្តិសុខ មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវបែងចែកផ្លាស់វេនប្រការ២៤/២៤ម៉ោង និងត្រូវរាយការណ៍អំពីសភាពការណ៍រាល់រយៈពេលមួយម៉ោងម្ដង។
សូមជម្រាបដែរថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងកាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះថា៖ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តកំពង់ចាម មានសរុបចំនួន១០៩ឃុំ-សង្កាត់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ចំនួន១០៨ឃុំ-សង្កាត់។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ។ ចំណែកស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ៕
ដោយ៖សហការី