ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីតួកគី ព្រមានអឺរ៉ុប កំពុងធ្លាក់នៅក្នុងភាពចលាចល

ចែករំលែក៖

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃទី ៥ខែមិថុនា បានប្រកាសថា សមាជិកសហគមន៍អឺរ៉ុប និងប្រទេស ក្នុងតំបន់អឺរ៉ុបផ្សេងទៀត អាចប្រឈមនឹងវិបត្តិ ដោយសារតែជនភៀសខ្លួនអ៊ុយក្រែន ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រលោកនៅក្នុងស្រុក Kizilcahamam ប្រធានាធិបតី Erdogan បានបញ្ជាក់ថា តួកគីគ្រប់គ្រងបានយ៉ាងល្អនៃជនភៀសខ្លួនខុសច្បាប់មកពីប្រទេសស៊ីរី ក្នុងរយៈពេល ១១ឆ្នាំកន្លងមក ។ ប៉ុន្តែពេលនេះយើងឃើញពីភាពចលាចលនៅក្នុងតំបន់អឺរ៉ុបដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ លោកសង្ឃឹមថា ពិភពលោកនឹងឆ្លងផុតដំណាក់កាលនេះបានល្អបំផុត។
តាមរបាយការណ៍ Amin Awad ជំនួយការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអ៊ុយក្រែន បញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈមកទល់ពេលនេះមានជនជាតិអ៊ុយក្រែនជិត១៤លាននាក់បានភៀសខ្លួន ក្នុងនោះមាន ៦លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ប្រទេសប៉ូឡូញ រ៉ូម៉ានី និងហុងគ្រី គឺជាតំបន់ដែលជនជាតិអ៊ុយក្រែនភៀសខ្លួន។
ទន្ទឹមនឹង ការភៀសខ្លួន ប្រធានាធិបតីតួកគីក៏បានបញ្ជាក់ផងដែរពីការសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់។ រដ្ឋាភិបាលទីក្រុងអែនការ៉ា នឹងរារាំងប្រទេសទាំងពីរចូលជាសមាជិករបស់ណាតូ ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖