ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់កណ្ដាលវាលស្រែ បន្ទាប់ពីបានឆក់ត្រី តែបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច លើទឹកវាលស្រែ ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀម រាបដោយប្រទះឃើញសាកសពបុរសម្នាក់។ ជនរងគ្រោះ មានឈ្មោះ ញ៉ន យួន ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិកានគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា តាមការបំភ្លឺរបស់សាច់ញាតិបានឲ្យដឹងថា មុនថ្ងៃកើតហេតុជន រងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅរកឆក់ត្រី។ លុះដល់ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ដោយជនរងគ្រោះបាត់ខ្លួនអស់រយ:ពេលពីរថ្ងៃមកហើយ ទើបក្រុមគ្រួសារបាននាំគ្នាដើររកត្រង់ចំណុចទំនប់ក្រលែងដប ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ក៏ប្រទះឃើញសពខាងលើ ដេកផ្កាប់មុខស្លាប់នៅលើទឹកក្រឡុកវាលស្រែ ដោយឧបករណ៍ឆក់ត្រីស្ពាយជាប់ពីលើខ្នង ចំណែកឯដៃស្ដាំកាន់ដៃឧបករណ៍ឆក់ត្រីជាប់ រីឯឧបករណ៍ម្ខាងទៀតជាប់នៅលើគោក ហើយក៏បានស្រែកគ្នាឱ្យមកជួយស្រង់ពីទឹកដាក់មកលើគោកទៅ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យ និងសាកសួរក្រុមគ្រួសារ ហើយសមត្ថកិច្ចបានសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារប្រើឧបករណ៍ឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ពុំមែនករណីឃាតកម្មឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖