ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់តែមិនបានសម្រេច។ ករណីនេះបានកើតឡើងនៅចំណុចភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១ៈ៣០នាទីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២។
នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ តើ ឆោវ័ន្ត អាយុ២៥ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើប៉ុនប៉ងរំលោភតែមិនបានសម្រេច ខណៈដែលម្តាយក្មេងស្រីរងគ្រោះចេញទៅព្រោះស្រូវនៅខាងជើងផ្ទះ ហើយជនសង្ស័យបានដើរចូលទៅក្នុងផ្ទះក្មេងរងគ្រោះរួចនិយាយថាមកពូរកចៃឱ្យ។
ប្រភពបានបន្តទៀតថា ក្មេងស្រីរងគ្រោះបានប្រកែក តែជនសង្ស័យបានយកដៃខ្ទប់មាត់ប៉ុនប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែក្មេងស្រីរងគ្រោះបានរើបម្រះរួចស្រែកហៅអ្នកជិតខាងឱ្យជួយ។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋរស់នៅជិតខាងនាំគ្នាជួយចាប់និងឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង៕
ដោយ៖ចន្ទ លីហ្សា