ព័ត៌មានទាន់ហេតុការណ៍៖

សត្វព្រៃចំនួន ៧៣ប្រភេទ មានទាំងថនិកសត្វ បក្សី និងសត្វល្មូន បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ ៖ សត្វព្រៃចំនួន ៧៣ប្រភេទ ដែលក្នុងនោះប្រភេទថនិកសត្វមាន ២២ប្រភេទ បក្សី ៤៩ប្រភេទ និងសត្វល្មូនចំនួន ២ប្រភេទ ហើយក្នុងនោះដែរសត្វ ១២ប្រភេទត្រូវបានចុះបញ្ជីដោយ IUCN ថាជិតផុតពូជ ងាយរងគ្រោះ ឬ រងការគំរាមកំហែង ត្រូវបានគេឃើញវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។

នេះបើតាមប្រភពពីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា តាមរយៈជំនួយឥតសំណងដល់អង្គការអនាគតរបស់យើង ទីភ្នាក់ងារគម្រោង USAID ព្រៃឡង់បៃតង បានផ្តល់ជំនួយដល់អង្គការអនាគតយើង (OFO) ដើម្បីធ្វើការសិក្សា វាយតម្លៃជីវៈចម្រុះ និង តំបន់ដែលមានតម្លៃអភិរក្សខ្ពស់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។ ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីកំណត់ និង ពិពណ៌នាអំពីជីវៈចម្រុះ និងតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ ដែលមាននៅក្នុងដែនជម្រកសត្វព្រៃនេះ។

ប្រភេទសត្វជិតផុតពូជដែលត្រូវបានគេកំណត់អត្តសញ្ញាណ នៅក្នុងរបាយការណ៍នេះ រួមមាន៖ សត្វ ទន្សោង, សត្វអាញី, សត្វស្វាព្រាម, និងសត្វក្ងោក។ ការវាយតម្លៃជីវៈចម្រុះ HCV 1 ត្រូវបានធ្វើឡើងដោយការវិភាគទិន្នន័យកាមេរ៉ាស្វ័យប្រវត្តិ ដែលទទួលបានក្នុងរយៈពេលពីរឆ្នាំ (២០២០ និង ២០២១) ក៏ដូចជាការបញ្ចូល និងពិនិត្យមើលទិន្នន័យសត្វព្រៃដែលមានស្រាប់របស់អង្គការ OFO ។ ការវាយតម្លៃនៃ HCV 2 (ប្រព័ន្ធអេកូឡូស៊ីកម្រិតតំបន់ទេសភាព) និង HCV 3 (ប្រព័ន្ធអេកូឡូស៊ីកម្រ គំរាមកំហែង និងជិតផុតពូជ និងទីជម្រក) ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យឡើងវិញ នូវឯកសារដែលមានស្រាប់។ កត្តាគំរាមកំហែងចម្បងទៅលើដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺសក្តានុពលនៃសម្បទានដីសេដ្ឋកិច្ច ក្នុងការជីកយករ៉ែ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការបរបាញ់ ហើយជម្លោះមនុស្ស និងសត្វព្រៃក៏កំពុងក្លាយជាកង្វល់ផងដែរ។ និន្នាការបច្ចុប្បន្នបង្ហាញថា បើគ្មានគម្រោងរេដបូក (REDD+) ដែលកំពុងត្រូវបានដំណើរការក្នុងតំបន់នេះទេ ក្នុងរយៈពេល៣០ឆ្នាំខាងមុខ តំបន់ការពារធម្មជាតិនេះមានការបាត់បង់ព្រៃឈើ និងមានការរិចរឹល ដោយសារការចូលទៅក្នុងតំបន់នេះងាយស្រួល និងការបរបាញ់ច្រើន។

សូមបញ្ជាក់ថា ៖ លទ្ធផលស្រាវជ្រាវការវាយតម្លៃនេះ គឺត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់គម្រោងរេដបូក ហើយវានឹងត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ដើម្បីតាមដាននិន្នាការសត្វព្រៃ និងជីវៈចម្រុះ។ គម្រោងរេដបូក នឹងជួយផ្តល់សុវត្ថិភាពសម្រាប់ប្រភេទសត្វសំខាន់ៗទាំងនេះ នាពេលអនាគត និងដោះស្រាយបញ្ហាជីវភាពសម្រាប់សហគមន៍ក្នុង និងជុំវិញតំបន់ការពារធម្មជាតិ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖