ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការខណៈពួកគេបានជិះម៉ូតូដឹកគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនៅតាមដងផ្លូវតែមិនបានសម្រេច។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ទី២-ឈ្មោះ សុខ ស៊ីធីន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ០០និង៣០ នាទី នៅចំណុចរង្វង់មូលព្រះនរាយដៃប្រាំបី ស្ថិតនៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថាមានជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ បានធ្វេីសកម្មភាពឆក់យកទូរសព្ទដៃ ០១គ្រឿង ម៉ាក Iphone X ពណ៌ ស ពីមនុស្សស្រីម្នាក់ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទ ប៉ុន្តែមិនបានសម្រេច។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ១៥និង១០ នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ក៏កំណត់បានមុខសញ្ញានិងធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីយកមកសាកសួររហូតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ នគរបាលការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា