ភ្នំពេញ៖ មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ រាជធានីភ្នំពេញ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២ បានធ្វើប្រតិបត្តិការការងារតាមតួនាទីភារកិច្ចក្នុងនាមជាអ្នកការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញហូបចុក និងប្រើប្រាស់ តាមបណ្តាហាងលក់ទំនិញ ស្ថិតក្នុងក្រុងព្រះសីហនុ ស្រុកចុងកាល់និងក្រុងសំរោង និងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២។
ជាក់ស្ដែងមន្ត្រីជំនាញ បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយជាលទ្ធផលបានរកឃើញទំនិញឡេលាបស្បែក ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧៥.២គ.ក ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៨គ.ក និងទំនិញទឹកបរិសុទ្ធចំនួន ២ប្រភេទពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ដូចនេះមន្ត្រីយើងបានមានចំណាត់ការចំពោះអាជីវករដែលដាក់លក់ទំនិញមិនមានអនុលោមភាពទៅតាមនីតិវិធី។
សូមជម្រាបថា មន្រ្តីជំនាញ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទ នៅតាមម៉ាត ផ្សារទំនើប និងកន្លែងលក់ទំនិញនានា ដើម្បីស្វែងរកនូវទំនិញដែលមិនមានប្រក្រតីភាពដាក់តាំងលក់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋពេលជាវយកទៅបរិភោគឬប្រើប្រាស់៕
ដោយ៖សហការី