ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និពន្ធសៀវភៅដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”

ចែករំលែក៖

ភ្នំពេញ ៖ សៀវភៅដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”​ ដែលបាននិពន្ធ​ដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះពុម្ពដេីម្បីចែកចាយជូនដល់ក្រសួង​ ស្ថាប័ន​នានា​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ មន្ទីរសុខាភិបាលរាជធានី-ខេត្ត​ សាកលវិទ្យាល័យ​ បណ្ណាល័យ​ អង្គការជាតិ​ និងអន្តរជាតិជាដេីម។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ការអនុញ្ញតដ៏ខ្ពង់ខ្ពស់ ឱ្យ គ.វ.ក-១៩ មានការបោះពុម្ពសៀវភៅខាងលើនេះ​  ពាក់ព័ន្ធទៅនឹងដំណើរសប្បុរសធម៌របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ដល់អំណោយដ៏ថ្លៃថ្លាជូនដល់ លោកយាយ លោកតា អាយុ១០០ឆ្នាំឡើងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងបុគ្គលដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី១លាន ដល់ទី១០លាន។ សៀវភៅនេះបានជូនដល់អង្គសិក្ខាសិលាពិគ្រោះយោបល់ ស្ដីពីរបាយការណ៍លិទ្ធផលនៃការវិភាគស្ថានភាព ការថែទាំសុខភាពបឋម នៅប្រទេសកម្ពុជា និងកិច្ចពិគ្រោះយោបល់លើយន្តការ នៃការចូលរួមរបស់សហគមន៍ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃ ព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២​ នាពេលកន្លងទៅ​ ហេីយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងបន្តធ្វើការចែកសៀវភៅនេះ​ ជូនទៅដល់បណ្ដាក្រសួង មន្ទីរ រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រួមទាំងសកលវិទ្យាល័យនានា​ ជាពិសេសជូនតាមបណ្ដាបណ្ណាល័យ ដើម្បីរក្សាទុកជាឯក​សារសិក្សាស្រាវជ្រាវ​ ៕

ដោយ ៖ សិលា


ចែករំលែក៖