ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោក បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ទីតាំងផ្ទះបេីកអ៉ីនធេីណេតមួយកន្លែង លេខ៥១Eo -៥៣Eo ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលសង្ស័យថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ។ បន្ទាប់ពីបានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ កាលពីព្រលប់ថ្ងៃទី៩ ខែមិថុនាម្សិលមិញនេះ។
លោក សុខ ពេញវុធ បានបញ្ជាក់បន្ថែមថា នៅពេលក្រុមការងារ ចុះទៅដល់ ពិនិត្យឃើញថា ទៅទីតាំងខាងលើ បានបើកអាជីវកម្មអ៊ីនធឺណិត និងមានការជួបជុំគ្នាអ៊ូអរ ក្រុមការងារ ក៏បានអប់រំ ណែនាំពួកគាត់ ឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនអនុញ្ញាត ឲ្យបន្តការជួបជុំ នៅទីតាំងខាងលើនោះទេ។
ជាក់ស្ដែងជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតសម្ភារសង្ស័យបំរើឲ្យអាជីវកម្ម អនឡាញខុសច្បាប់ មួយចំនួន យកទៅរក្សាទុក នៅសាលាខណ្ឌដូនពេញ។
ជាមួយគ្នានោះ ក្រុមការងារ ក៏សម្រេចបិទទីតាំងខាងលើនេះ ដោយមិនអនុញ្ញាតឲ្យប្រកបអាជីវកម្ម អ៊ីនធឺណិតទៀតឡើយ។ ក្នុងនោះ បើអាជ្ញាធរខណ្ឌ ចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តនោះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ នឹងអនុវត្តវិធានការរដ្ឋបាល ដោយឃាត់ខ្លួនមនុស្ស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី