ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ខណៈនោះ អ្នកផ្លូវត្រូវជម្រាបថា សូមជម្រាបអស់លោកមេបាប្រុស ស្រី សូមជ្រាប ត្បិតសាមីដើមការបានពឹងពររកខ្ញុំជាអ្នកផ្លូវឲ្យមកសូមដណ្ដឹងកូនស្រីរបស់លោកមេបាពីរជើងរួចមកហើយ ដូចលោកមេបាជ្រាបស្រាប់ តែគ្រាក្រោយនេះលោកមានប្រសាសន៍ថា ខ្ញុំជាអ្នកផ្លូវនេះជាស្រីស្រដីការអ្វីពុំដាច់ស្រេចនឹងទទួលការបង្គាប់បញ្ជាអំពីលោកមេបាក្រែងពុំបាន ទើបលោកឱ្យខ្ញុំទៅជំរាបលោកដើមការឲ្យពឹងរកប្រុសដែលមានសតិបញ្ញាមកនិយាយការនឹងលោក ឥឡូវអ្នកសាមីដើមការបានពឹងរកបុរសដែលមានគុណសម្បត្តិដូចដែលលោកមេបាបង្គាប់ទៅ គឺអ្នកទាំងបីនេះឲ្យខ្ញុំនាំមកប្រណិបតន៍ជូនលោកមេបា ដើម្បីនិយាយមង្គលគ្រប់ជំពូកតទៅក្នុងវារៈជាគំរប់ ៣ជើងនេះ សូមឱ្យលោកមេបាបញ្ញត្តិគ្រប់ជំពូកមកលើអ្នកមហាអម្បាលនេះ ដែលជាអ្នកតំណាងសម័យដើមការនិងប្រណិប័តន៍តាមគួរនឹងការ។

  លំដាប់នេះ អ្នកមហាត្រូវប្ដឹងស្ទើរអំពីមុខតំណែងរបស់ខ្លួនថា  សូមទានក្រាបប្រណិបតន៍អស់លោកមេបាត្រកូលរៀមច្បងធំតូច សូមទានជ្រាប។

  ដ្បិតអ្នកសាមីដើមការបានពឹងពររកខ្ញុំប្របាទឱ្យមកធ្វើជាមហា សូមជំរាបមង្គលការទាំងពួងនឹងលោកមេបាតាមច្បាប់រណ្ដាប់ស្រុក ដូច្នេះ សូមលោកមេត្តាពិតពិលរមិលមើលខ្ញុំប្របាទជាល្មមធ្វើជាមហាបានឬយ៉ាងណា? បើលោក

មេត្តាអនុកូលចូលចិត្តតាំងឲ្យខ្ញុំប្របាទធ្វើជាមហាហើយ  ខ្ញុំប្របាទសុំពាក់អាវផាយស្រាយមាត់ថង់តម្រង់ពែងនិងអុជទៀនទាំងគូ សូមក្រាបប្រណិបតន៍និយាយមង្គលការតទៅតាមការ។

  ក្រុមមេបាត្រូវអនុម័តថា យើងអនុញ្ញាតឱ្យអ្នកធ្វើជាមហាពេញយសស័ក្តិចុះ។

  ទំនៀមអ្នកមហាទាំងបីនាក់ត្រូវពាក់អាវពណ៌ក្រហមសុទ្ធ ឬលាយដោយពណ៌ក្រហម អាវដែលធ្លាប់ប្រើមកហើយ គឺអាវល្បើកអាវផ្កាមាសប្រាក់ អាវសារបាប់ជាដើម។ អ្នកដែលទីទាល់មិនមានអាវអម្បាលនេះ សូម្បីនឹងប្រើអាវព្រែ ឬអាវ អ្វីដែលពណ៌ក្រហមក៏បានដូចគ្នា អ្នកមហាធំ ត្រូវមានអាវផាយពណ៌ក្រហមពាក់ពីលើទៀតផង។ចំណែកឯសំពត់ស្លៀក ក៏ប្រើសំពត់ពណ៌ក្រហមសុទ្ធ ឬលាយដោយពណ៌ក្រហមដូចគ្នា សំពត់ដែលគេធ្លាប់ប្រើមកហើយ គឺជាសំពត់ល្បើក សំពត់ផាមួង សំពត់ហូល សំពត់សារបាប់ជាដើម។ ដើម្បីជាគ្រឿងសំគាល់យសស័ក្តិដែលធំតូចជាងគ្នាដោយលំដាប់នៃអ្នកមហាទាំងបីនាក់នោះ អ្នកមហាទី ១ គួរប្រើសំពត់អាវពណ៌ក្រហមឆ្អិនអ្នកមហាទី ២ គួរប្រើពណ៌ក្រហមភ្លាវបន្តិចចុះមក អ្នកមហាទី ៣ គួរប្រើពណ៌ក្រហមព្រឿងៗ ។ សុំឱ្យជ្រាបថា សំពត់ពណ៌ក្រហមជាសំពត់លេខ១ ជាពណ៌មានមង្គល លោកបញ្ញត្តិឲ្យប្រើក្នុងកិច្ចមង្គលការទាំងពូងសម្រាប់អ្នកមហា និងសាមីខ្លួនកូនប្រុសស្រី ត្រូវប្រើពណ៌នេះជាដរាប។ ចំណែកអ្នកឯទៀតនោះមិនជាប្រមាណ តែពួកអ្នកដែលកាន់សណ្ដាប់នេះតឹងរឹង គេក៏រមែងស្លៀកពាក់ពណ៌ក្រហមនៅក្នុងពិធីមង្គលការដែរ។ អ្នកមហាទី ២ មានគ្រឿងប្រដាប់សម្រាប់ខ្លួនកាន់ គឺរងទី ១ មានស្រាមួយដប ពែងមួយគូ គឺដាក់លើរងនោះ និងទៀនមួយគូបិទនៅមាត់រង ។អ្នកមហាទី ៣ មានរងគ្រឿងស្លា១ អកកំបោរគ្រឿងស្លានោះគេប្រើអកសំរិទ្ធ បើកគ្មានអកកំបោរសំរិទ្ធិ គេប្រើអកប្រាក់ ឯគ្រឿងឯទៀតគេប្រើគ្រឿងប្រាក់មានកន្សែងបញ្ចពណ៌ ឬកន្សែងប្របុច ១ ក្រាលនៅទ្រនាប់គ្រឿងស្លានោះ កាលមេបាអនុញ្ញាតឲ្យតែងពេញយសស័ក្តិហើយ អ្នកមហាធំត្រូវពាក់អាវផាយក្រហមឡើង(តែស្រុកស្រែចម្ការដែលគ្មានអាវផាយគេមិនបាច់ពាក់ក៏បានដែរ) អ្នកមហាទី ២ ត្រូវអុជទៀននៅរងនោះឡើង ហើយផ្គងកាន់រងនោះដោយដៃទាំង២ ទាំងអ្នកមហាទី ៣ គាត់ត្រូវលើករងស្លាគងកាន់ឡើងដូចគ្នានោះ អ្នកមហាទី ១ប្រណម្យដៃឡើង ហើយបង្អោនខ្លួនបន្តិចជាកិរិយាគោរពពពួកមេបាហើយជម្រាបថា សូមទាន សូមក្រាបប្រណិប័តន៍អស់លោកមេបា សូមទានជ្រាប ដ្បិតសាម៉ីខ្លួនដើមការបានពឹងពររកខ្ញុំប្របាទទាំងបីនាក់ ឲ្យមកចងស្ពានមេត្រីដណ្ដឹងកូនស្រីលោកមេបាឈ្មោះនាង..

នោះឲ្យជាភរិយាឈ្មោះនាយ…នោះជាបុត្ររបស់សាមីដើមការ បើលោកមេត្តាឱ្យទាន នឹងបានលើកស្លាបព្រាភ្ជាប់ពាក្យព្រមដោយភស្តុភាបណ្ដាការជូនពិសា និងសូមប្រណិប័តន៍ជូនទ្រព្យបញ្ចាំចិត្តទុកជាសម្គាល់តទៅ។

  ពួកមេបាត្រូវឆ្លើយតបតាមសមគួរថា ការដែលសាមីដើមការបានពឹងពររកអ្នកផ្លូវចៅមហា ឲ្យមកសូមដណ្ដឹងកូនស្រីយើងជាគម្រប់បីជើងហើយនោះ យើងក៏រសៀលចិត្តណាស់ទៅដែរហើយ តែយើងមិនទាន់អស់អញលំគេញក្នុងចិត្តដោយហេតុថា យើងរាល់គ្នាមកជាមេបា យើងពុំទាន់បានឃើញរូបឆោមកូនប្រុសរបស់អ្នកមហា មិនដឹងជាមានរាងកាយវិកលវិការ ជរាទុពលភាពយ៉ាងណា ឬល្អជាទេនោះ យើងពុំបានឃើញពុំបានដឹង។

(នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖