ខ្សែប្រយុទ្ធ Kylian Mbappe បានសង្គ្រោះក្រុមមាន់គកបារាំងដោយទទួលបាន១ពិន្ទុក្នុងទឹកដីក្រុមអូទ្រីស ខណៈដែលម្ចាស់ជើងឯកពិភពលោកនៅតែមិនឈ្នះក្នុងការប្រកួត Nations League ៣ប្រកួតជាប់ៗគ្នា។
កីឡាករ Mbappe ក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី២បានរកគ្រាប់បាល់១គ្រាប់ក្នុងការតាមស្មើក្រុមម្ចាស់ផ្ទះអូទ្រីសនៅនាទី៨៣ ក្រោយពីខ្សែប្រយុទ្ធ Andreas Weimann របស់ Bristol City បានស៊ុតបាល់បញ្ចូលទីដំបូងរបស់គាត់ក្នុងវ័យ៣០ឆ្នាំឲ្យអូទ្រីសនៅនាទីទី៣៧។
ក្រុមមាន់គកបារាំងមានតែ២ពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងពូល A1 ចំនួន៣ប្រកួតនៃពានរង្វាន់ National League។ ការប្រកួតនេះអាចកាន់តែអាក្រក់ទៅៗបន្ទាប់ពី Weimann ដែលស៊ុតបញ្ចូលទីបាន២២គ្រាប់នៅ Championship នៅរដូវកាលនេះបានជួយឲ្យក្រុមអូទ្រីសឡើងឈរលេខ២ក្នុងពូល។
ក្នុងការប្រកួតនោះខ្សែប្រយុទ្ធ Karim Benzema មានឱកាសក្នុងការស្វែងរកគ្រាប់បាល់ជ័យជម្នះសម្រាប់បារាំង ប៉ុន្តែនៅតែមិនអាចធ្វើអី្វទៅលើក្រុមអូទ្រីសក្រោមការគ្រប់គ្រងរបស់លោក Ralf Rangnickដែលជាអតីតអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Man Utd។
ខ្សែប្រយុទ្ធ Paris St-Germain កីឡាករ Mbappe រួមជាមួយនឹង Christopher Nkunku របស់ RB Leipzig ក៏បានតស៊ូក្នុងការស្វែងរកគ្រាប់បាល់ដូចគ្នា ហើយឱកាសមួយគ្រាប់របស់ Mbappe ស៊ុតចំគោលដៅ ប៉ុន្តែត្រូវអ្នកចាំទីអូទ្រីស Patrick Pentz សង្គ្រោះបាន និងការពារយ៉ាងល្អពីការតែតបាល់ចុងម៉ោងរបស់កីឡាករ Matteo Guendouzi។
ប្រទេសបារាំងនៅតែមានឧបសគ្គដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ដោយការប្រកួតមិនបានល្អក្រោយពីការប្រកួតបើកឆាកត្រូវចាញ់ក្រុមដាណឺម៉ាក២ទល់១ ហើយបន្តស្មើ២ប្រកួតជាប់គ្នាដោយស្មើក្រូអាត១ទល់១ និងស្មើអូទ្រីស១ទល់១ទៀតកាលពីរាត្រីថ្ងៃទី១០ ខែមិថុនា។
បច្ចុប្បន្នសម្រាប់ពូល A1 នៃពានរង្វាន់ National League ក្រុមដាណឺម៉ាកកំពុងឈរកំពូលតារាងមាន៦ពិន្ទុ បន្ទាប់ពីឈ្នះ២ និងចាញ់១, អូទ្រីសឡើងឈរចំណាត់ថ្នាក់លេខ២ មាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់១, ក្រូអាតឈរលេខ៣ មាន៤ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់១ ខណៈដែលបារាំងឈរបាតតារាងមាន២ពិន្ទុ បន្ទាប់ពីស្មើ២ និងចាញ់១ ក្នុង៣ប្រកួតដូចគ្នា។
សម្រាប់ការប្រកួតបន្តនៅពូល A1 គឺក្រុមម្ចាស់ផ្ទះដាណឺម៉ាកត្រូវប៉ះក្រុមអូទ្រីស ខណៈដែលក្រុមមាន់គកបារាំងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវក្រូអាតវិញ ខណៈដែលក្រុមទាំង៤នឹងត្រូវប្រកួតគ្នាថ្ងៃទី១៤ ខែមិថុនាខាងមុខ វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)