ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញត្រូវរថយន្តក្រឡុកសុីម៉ងត៍បើកបត់ចូលការដ្ឋានជ្រុលទៅបុករួចកិនពីលើបណ្តាលឱ្យស្លាប់មួយរំពេច

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីធ្វើការត្រូវរថយន្តក្រឡុកសុីម៉ងត៍បើកបត់ឆ្លងផ្លូវចូលការដ្ឋានបុកចំពីមុខពេញទំហឹងរួចកិនពីលើចំក្បាលស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ សុភ័ក្រ្កភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាចុងភៅ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ (ផ 0742 ពភ 1 )ជិះតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទីលិចក្នុងល្បឿនមធ្យម ខណៈជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនឹងក្រុមហ៊ុនលាយបេតុងSCG ស្រាប់តែមានរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងមិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតរួចបានបត់ឆ្វេងឆ្លងផ្លូវចូលក្នុងការដ្ឋានក៏ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងបណ្តាលឱ្យដួល រួចកិនពីលើបុរសអ្នកបើកម៉ូតូចំក្បាលស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កបើកចូលការដ្ឋានបាត់ស្រមោលទៅ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកទៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចនិងស្រាវជ្រាវបន្តឃាត់យកមកចាត់ការទៅតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖