ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូងដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងប៉ើងអូសទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូងមួយគ្រឿងចេញពីផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដោយបម្រុងបើកឆ្លងផ្លូវចូលទៅផ្លូវម្ខាងទៀត ប៉ុន្តែពេលបើកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់បើករថយន្តបង្កស៊េរីទំនើបម៉ាកLexus NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជាJ.LIN.66 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទីលិចក្នុងល្បឿនយ៉ាងលឿន ពេល មកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធ្យូង ពេញទំហឹងប៉ើងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យរុឺម៉កម៉ូតូក្រឡាប់និងរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនមួយដឹកយកទៅសង្រ្គោះបន្ទាន់ ចំណែកឯបុរសជាម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ឱ្យនៅកន្លែងកើតហេតុដើម្បីរង់ចាំដោះស្រាយ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ រួចឱ្យភាគីទាំងសងខាងសម្រួលគ្នាដោយភាគីរថយន្តបង្កព្រមសងជាសំណងទៅលើម៉ូតូសណ្ដោងរ៉ឺម៉ក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖