ព័ត៌មានទាន់ហេតុការណ៍៖

គ្លីនិក វីរៈសែនជ័យនៅកណ្ដាលក្រុងកំពង់ធំ ព្យួសេរ៉ូមចាក់ថ្នាំស្លាប់មនុស្សបិទទ្វារបានមួយដង្ហើមចង្រឹតបើកវិញអត់បញ្ហា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីគ្លីនិកឯកជនឈ្មោះវីរៈសែនជ័យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទល់មុខវត្តកំពង់ធំបានចាក់ថ្នាំនិងព្យួរសេរ៉ូម បណ្តាលឲ្យបុរសម្នាក់អាយុជាង២០ស្លាប់រួចមក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២សមត្ថកិច្ចជំនាញសហការគ្នាជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត ដោយមានវត្តមានលោកព្រះរាជអាជ្ញារងសាយ វាសនា ចូលរួមផងនោះ គ្លីនិកខាងលើត្រូវបានបង្គាប់ឲ្យបិទទ្វារនៅព្រឹកនោះតែម្តងប៉ុន្តែបានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ថ្ងៃបន្តិចគេសង្កេតឃើញគ្លីនិកវីរៈសែនជ័យខាងលើបើកទ្វារដំណើរការវិញជាធម្មតា ដែលបង្កការងឿងឆ្ងល់ពីមហាជនគ្រប់ៗគ្នា។

  សូមបញ្ជាក់ថា ករណីគ្លីនិក វីរៈសែនជ័យព្យាបាលមនុស្សបណ្តាលឲ្យស្លាប់ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២មកម៉្លេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន និងសម្របសម្រួលពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្តរួចមក នៅល្ងាចថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ចក៏បានអញ្ជើញក្រុមគ្រូពេទ្យគ្លីនិក វីរៈសែនជ័យ និងលោក ស្រ៊ុន វីរៈ ដែលជាវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសាកសួរអំពីករណីដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យខាងលើ ហើយក៏ត្រូវបានសាច់ញាតិរបស់លោកវេជ្ជបណ្ឌិត ស្រ៊ុន វីរៈ និងរូបលោក ស្រ៊ុន វីរៈ ផ្ទាល់ធ្វើការអុកឡុកឡូឡាបង្កភាពអនាធិបតេយ្យ ព្រមទាំងវ៉ៃ និងគប់ដុំថ្មទៅលើសមត្ថកិច្ចប៉ូលិសផ្អើលភូមិទៀតផង។

  លុះដល់ថ្ងៃទី១១ ខែមិថុនា កម្លាំងមសត្ថកិច្ចចម្រុះមានទាំងថ្នាក់ក្រុង ខេត្ត គ្រូពេទ្យខេត្ត និងព្រះរាជអាជ្ញារងចុះ ទៅដល់កន្លែងកើតហេតុ។ ក្នុងករណីខាងលើត្រូវបានគេស្គាល់ សពឈ្មោះ ឈ ឈុនភូ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ smartមានស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើយោងតាមការបំភ្លឺពីឈ្មោះ ខុយ សុខា (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ)ប្រាប់ថា៖ កាលពីល្ងាចនៅថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២ មុនពេលកើតហេតុកូន ប្រុសគាត់បានទូរស័ព្ទហៅគាត់ឱ្យទៅយករូបគេពីកន្លែងធ្វើការ ទៅមន្ទីរពេទ្យ ដោយប្រាប់គាត់ថា វាមានអាការៈតឹងទ្រូងពិបាកដកដង្ហើម។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម រូបគាត់និងប្ដីក៏បានមកដល់ ហើយក៏នាំកូនទៅសម្រាកព្យាបាលនៅគ្លីនិក វីរៈសែនជ័យ ដោយ ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលជួសឈាមព្យួរសេរ៉ូមនិងចាក់ថ្នាំ រហូតដល់ម៉ោង២០និង៤៧ នាទីយប់ថ្ងៃខែឆ្នាំដដែល កូនប្រុសគាត់មានអាការៈប្រកាច់បែកពពុះមាត់រួញក្រញ៉ង់ដៃជើងបណ្ដាលឲ្យស្លាប់តែម្ដង។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រមែប្រមូលចាប់យកវត្ថុតាងមានសំបកថ្នាំដូចខាងក្រោម៖១.VASTAREL MR , ២.HANPRAZOL ៣.សំបកថ្នាំPARACETAMOL iv, ៤-សំបកដបEUPHYTOSE ៥-សំបកអំពូលថ្នាំប្រភេទurgendol ៦-ដបសេរ៉ូមជ័រប្រភេទGLUCOSE5%សល់ទឹកសេរ៉ូមពាក់កណ្ដាលដប  និងឯកសារពាក់ព័ន្ធការពិនិត្យជំងឺមួយចំនួន។ 

  បើតាមការបំភ្លឺរបស់លោកវេជ្ជបណ្ឌិត ស្រ៊ុន វីរៈ(ជាគ្រូ ពេទ្យធំ) បានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី ០៨ ខែមិថុនា អ្នកជំងឺឈ្មោះ ឈ ឈុនភូ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានម្តាយនាំចូលមកព្យាបាលនៅក្នុងគ្លីនិករបស់លោកដោយសារមានអាការៈឈឺទ្រូង។ បន្ទាប់មកក្រុមគ្រូពេទ្យបានពិនិត្យចង្វាក់បេះដូង,អេកូបេះដូង,ថតសួត,ពិនិត្យឈាមដោយសារអ្នកជំងឺឈឺទ្រូងខ្លាំងទៅៗ លោកបានឲ្យបុគ្គលិកចាក់ថ្នាំបំបាត់ការឈឺចាប់ ដាក់សេរ៉ូមឱ្យថ្នាំលេបនិងចាក់ថ្នាំនៅត្រគៀកហើយបានប្រហែលជា ២០ នាទីក្រោយមកអ្នកជំងឺមានអាការៈឈឺដើមទ្រូង ហើយខ្ញាំដៃជើងឡើងស្លេះសន្លប់បាត់ស្មារតី។ ក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះប៉ុន្តែអ្នកជំងឺបានស្លាប់បាត់ទៅហើយ។

  ក្រោយទទួលព័ត៌មានសមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយជំនាញក្រុងស្ទឹងសែន អាជ្ញាធរមូលដ្ឋាន,លោកវេជ្ជបណ្ឌិត ឈឹង ប៉ គ្រូពេទ្យបង្អែកខេត្ត កំពង់ធំ  ដោយមានការដឹកនាំសម្របសម្រួល ពីលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តកំពង់ធំបានចុះពិនិត្យដល់កន្លែងកើតហេតុនិងសាកសពនៅគ្លីនិកព្យាបាលជំងឺឈ្មោះវីរៈសែនជ័យ ស្ថិតនៅភូមិក្តីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន មុខវត្តកំពង់ធំ នៅផ្នែកក្បាលនៃសពមានចេញឈាមតាមច្រមុះ ផ្នែកដងខ្លួននិងអវៈយវៈសពមានស្នាមពណ៌ ស្វាយលើស្បែកអុចៗកន្ទួលពេញដងខ្លួនដល់ចុងជើង។

  ក្រៅពីការពិនិត្យខាងលើពុំបានរកឃើញមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យកត់សម្គាល់ឡើយ។ តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ ,សាកសព និងយោបល់របស់គ្រូពេទ្យសពអាចស្លាប់បណ្ដាលមកពីជំងឺបេះដូង។ សពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះ អាសន្នក្រុមគ្រូពេទ្យ យកមកសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី  តាមបញ្ជារបស់លោកសាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានព្យាយាមសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត ស្រ៊ុន វីរៈ ដែលជាម្ចាស់ទីតាំងកើតហេតុតាមទូរស័ព្ទ តែលោកប្រាប់ថា សូមអធ្យាស្រ័យផងលោកជាប់រវល់មិនអាចជំរាបជូនឲ្យបានទេចំពោះបញ្ហាខាងលើនេះ។

លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យខេត្តប្រាប់ថា លោកបានបញ្ជូនគ្រូពេទ្យទៅចូលរួមត្រួតពិនិត្យរួចរាល់ហើយបញ្ហាខាងលើ ចំណែករឿងអាជ្ញាប័ណ្ណរបស់គ្លីនិកនេះហួសសុពលភាពនោះ សូមសួរនាំទៅខាងមន្ទីរព្រោះជាការងារនិងតួរនាទីរបស់មន្ទីរ។ 

ជុំវិញបញ្ហានេះអ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលជាច្រើនដង តែលោកមិនទទួលទូរស័ព្ទ ហើយថែមទាំងចុចផ្តាច់ចោលទៀតផង។ 

ពលរដ្ឋដែលបានឃើញហេតុការណ៍នេះ សំណូមពរទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះមន្ត្រីក្រោមឱវាទ, ជាពិសេសមន្ទីរសុខាភិបាលខេត្តកំពង់ធំតែម្តង ពីព្រោះតែកន្លងមកមានពលរដ្ឋត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារតែការទៅរកសេវាព្យាបាលពីក្រុមគ្រូពេទ្យមួយចំនួនដែលខ្វះវិជ្ជាជីវៈពិតប្រាកដ ៕

ដោយ ៖ អ៊ុក ស៊ុនហេង


ចែករំលែក៖