ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ)

ចែករំលែក៖

    ភ្នំពេញ ៖ យុវជនចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនក្រោយពីការបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុ័ងតោ)។ ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះមាន ទី១-ឈ្មោះ កន បញ្ញា អាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទី២-ឈ្មោះ សំអ៊ែល ម៉េងលី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ឃាង ឆាងទ្រី អាយុ១៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅផ្ទះជួល(សំបុកចាប) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

    បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសម្ភាររួមមាន៖ ១- ម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8043, ២- កាំបិតប៉័ងតោ ចំនួន០២ដើម, ៣- កាំបិតកាប់ដូង ចំនួន០១ដើម, ៤-ដាវវកែច្នៃចំនួន ០១ដើម។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបាននាំគ្នាជិះម៉ូតូដើរលេងនៅម្តុំបុរីអង្គរ ដោយទុកកាំបិតចំនួន៤ដើមក្នុងកាតាបដើម្បីទុកការពារខ្លួន។  ពេលជិះម៉ូតូមកដល់មុខវត្តឧត្តរ៉ាវត្តី បានជួបនឹងកម្លាំងសមត្ថកិច្ចល្បាតឃើញមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យហើយរកឃើញសម្ភារដូចខាងលើ ក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។

   បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖