ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដែលអាចកើតមានឡើងជាយថាហេតុ។
ជាក់ស្ដែងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃចន្ទ ១៤កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានចាត់ឱ្យ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាត ពេលយប់ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕
ដោយ៖សហការី