ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូពន្លះគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

    ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូពន្លះគ្នាពេញមួយទំហឹង​កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ៦ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ត្រង់ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ​ អុិន សុខគឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CB-2839។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម​ ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CG-6540 បើកបរដោយឈ្មោះ សៀង ចាន់ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម (របួសធ្ងន់)​ មានអ្នករួមដំណើរម្នាក់ឈ្មោះ ឆាំ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់)​មានទីលំនៅភូមិជាមួយគ្នា។ 

    ប្រភព​ដដែលបន្តថា​ នៅថ្ងៃកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CB-2839 បើកបរដោយឈ្មោះ អុិន សុខគឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល  (មិនពាក់មួកសុវត្ថិភាពទេ)ធ្វើដំណើរពីត្បូងទៅជើង (ដោយបើកបរបញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំទៅទិសខាងកើត  ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CG-6540 បើកបរដោយឈ្មោះសៀង ចាន់ធីភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម (មានពាក់មួកសុវត្ថិភាព)ដោយមានរួមដំណើរម្នាក់ឈ្មោះឆាំ វុទ្ធី ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា (មិនពាក់មួកសុវត្តិភាព)ដែលធ្វើដំណើរពីជើងទៅត្បូង ហើយបានមកបុកម៉ូតូដែលបត់ស្ដាំឆ្លងផ្លូវពីលិចទៅកើតខាងលើបណ្ដាលឱ្យស្លាប់ដល់អ្នកបើកបរម៉ូតូឆ្លងផ្លូវឈ្មោះអុិន សុខគឿន​ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះសៀង ចាន់ធី ព្រមទាំងអ្នករួមដំណើរ ឈ្មោះឆាំ វុទ្ធី ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង១។

   ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ព្រែកដំបងនិងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុនិងធ្វើការវាស់វែង រួចហើយបានយកម៉ូតូទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំណែកសព មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

     តាមការសន្និដ្ឋាន គឺដោយសារអ្នកបើកបរម៉ូតូហុងដាឌ្រីម C125 ពាក់ស្លាកលេខភ្នំពេញ1CB-2839 បើកបរបញ្ច្រាសទិសហើយបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ចំណែកម៉ូតូហុងដា C125 ពាក់ស្លាកលេខភ្នំពេញ1CG-6540 បើកបរលឿន ហើយបានមកបុកម៉ូតូដែលបត់ស្ដាំឆ្លងផ្លូវ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖