ព័ត៌មានទាន់ហេតុការណ៍៖

បុគ្កលិកអង្គការWWFម្នាក់ស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទល់មុខរមណីយដ្ឋានចំការកាហ្វេ នៅភូមិពូលូង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៧៦ នៅវេលាម៉ោង១០និង ០៤នាទី ព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ មុខរមណីយដ្ឋានចំការកាហ្វេ ចន្លោះគីឡូម៉ែត្រ១២៨និង ១២៩ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបររថយន្តឈ្មោះសួន ភា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់ខេត្តព្រះវិហារ ស្នាក់នៅបណ្តោះអាសន្នភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួស រថយន្តម៉ាកRUBICCON ពណ៌ប្រផេះស្លាកលេខ កម្ពុជា M.M 1818 រងការខូចខាតកង់មុខខាងឆ្វេង។

ចំណែកអ្នកបើកម៉ូតូឈ្មោះ ត្រាញ់ ប្រិច ភេទប្រុស អាយុ២៦ឆ្នាំជនជាតិព្នង មុខរបរបុគ្កលិកអង្គការWWF ផ្នែកស្រាវជ្រាវ ទីលំនៅបច្ចុប្បន្ន ភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម៉ូតូម៉ាកទ្រីមសង់ពណ៌ខ្មៅស្លាកលេខគ្មាន មានមួក កញ្ចក់គ្មាន (ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ)។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវកម្លាំងជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕

ដោយ៖ សូរិយា


ចែករំលែក៖