ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបបញ្ជាទិញវ៉ាក់សាំងជំងឺអុតស្វាចំនួន១១០ពាន់ដូស

ចែករំលែក៖

នៅថ្ងៃទី១៤ខែមិថុនា សហគមន៍អឹរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងមួយដែលមិនបញ្ចេញឈ្មោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ក្រោយពេលមានកើតជំងឺនេះកើនឡើងដល់៩០០នាក់ ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលសហភាពអឺរ៉ុប លោកស្រី Stella Kyriakides បាននិយាយថា សហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមិនត្រូវបានបញ្ចេញឈ្មោះនៅថ្ងៃអង្គារនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) ប្រហែល ១១០,០០០ដូស ដែលនឹងត្រូវចែកចាយចាប់ពីចុងខែមិថុនានេះតទៅ។
នាឱកាសចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុប ក្នុងប្រទេស Luxembourg នៅថ្ងៃអង្គារនេះ លោកស្រី Kyriakides បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះនឹងត្រូវបានទិញដោយប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ហើយនឹងត្រូវបានចែកចាយ ទៅកាន់បណ្ដាប្រទេសទាំងអស់នៃសហភាពអឺរ៉ុប។ មន្ត្រីគណៈកម្មការបានបន្ថែមថា ឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំង នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។
ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ និងអេស៉្បាញ ក៏បានធ្វើការបញ្ជាទិញដោយខ្លួនឯងនូវវ៉ាក់សាំងបង្ការជំងឺអុតស្វានេះផងដែរ។ រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាសរុបប្រហែល ៩០០ករណីហើយ៕

ដោយ៖ ធីរីណា(រូបថត​ ៖​ Reuters/TTXVN)


ចែករំលែក៖