ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់អាយុ២០ឆ្នាំ Ryan Gravenberch ពី Ajax Amsterdam ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ទី១៤ មិថុនា។
កីឡាករ Gravenberch ដែលបានបញ្ចប់ការសិក្សានៅសាលា Ajax បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងឆ្នាំ ២០១៨-២០១៩ ហើយបានបញ្ចប់ជាមួយនឹងការបង្ហាញខ្លួន១០៣ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់។ គាត់បានឈ្នះពានរង្វាន់ Eredivisie ចំនួន៣ដង និង Dutch Cup ចំនួន២ជាមួយ Ajax និងបានលេង១០ដងសម្រាប់ក្រុមជម្រើសជាតិហូឡង់។
Gravenberch បាននិយាយថា “នៅពេលដែលការផ្តល់ជូននេះមកពី Bayern ខ្ញុំមិនចាំបាច់គិតអំពីវាយូរទេ។Bayern គឺជាក្លឹបដ៏ធំបំផុតមួយ អ្នកលេងមកពីជុំវិញពិភពលោកចង់លេងឱ្យក្លិបនេះ។ ខ្ញុំមកទីក្រុង Munich ដើម្បីឈ្នះពានជាច្រើន ហើយ Bayern Munich ធ្លាប់ឈ្នះពានជាច្រើន។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានជាមួយក្លឹបនេះ រួមទាំងការឈ្នះ Champions League។ ការរួមគ្នានៅក្នុងក្រុមនេះគឺខ្លាំង ដែលខ្ញុំចូលចិត្ត”។
ក្រុម Bayern Munich បានឈ្នះពាន Bundesliga ជាលើកទី១០ជាប់ៗគ្នាកាលពីរដូវកាល២០២១-២០២២ ប៉ុន្តែក្រុមនេះបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមមកពីអេស្ប៉ាញ Villarreal ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)