ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

ចែករំលែក៖

ភ្នំពេញ៖ TVET DAY នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។

នេះជាការលើកឡើង របស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ រៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ 

លោកបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍បន្តថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញក្នុងការទទួលបានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។ 

ទិវាជាតិនាឆ្នាំនេះ បានធ្វើការតាំងបង្ហាញពីសមិទ្ធផល នវានុវត្តន៍ និងការបង្កើតថ្មី ដែលមានភាពលេចធ្លោដោយការប្រើប្រាស់ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្ហោះដ្រូនជាក្រុមចំនួន ១៥០, រ៉ូបូតដែលមានបញ្ញានិម្មិត(AI) កាន់តែខ្ពស់និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ 

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា TVET អាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សាពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តក្នុងការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣, ៤ និង៥ សម្រាប់ ៥វិស័យ រួមមាន សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក មេកានិក កម្មន្តសាល បរិក្ខារត្រជាក់និងកំដៅ និងធុរកិច្ច/ICT, បានដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ និងបានដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីចម្ងាយឬតាមអនឡាញ (National TVET E-Learning Platform) ជាដើម។ 

 “ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ” លើកទី៥ ឆ្នាំ២០២២នេះ គឺជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទីនិងសារសំខាន់ចាំបាច់របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងជាការបង្ហាញឱ្យឃើញជាក់ស្តែងថា TVET ពិតជាអាចធ្វើឱ្យផលិតភាពការងារកើន និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅស្រុក។ 

គួរបញ្ជាក់ជូនដែរថា នេះគឺជាលើកទី៥ នៃការរៀបចំទិវាជាតិដ៏មហាឱឡារិកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧   ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។

ទិវានេះ បាននិងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នានៅគ្រប់បណ្តារាជធានី ខេត្ត ដោយមានការចូលរួមយ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្ម

វិធីធំមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេស ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែក ការរៀបចំប្រារព្ធរៀបចំទិវាជាតិ នៅរាជធានីភ្នំពេញ គឺរៀបចំនៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ មានរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់ ដោយមានបញ្ជរសរុបចំនួន៥៥ ហើយត្រូវប៉ាន់ស្មានជាមុនថា នឹងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ រួមទាំងមានការបង្ហោះដ្រូនជាក្រុមនៅពេលយប់ចំនួន ១៥០ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖