ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ដីពីការដាក់ឱ្យអនុវត្ត តារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដែលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម : ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីនេះនៅឡើយ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើសេចក្តីជូនដំណឹងសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន សូមមេត្តារួសរាន់មកបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ក្នុងករណីដែលមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ ដូចខាងក្រោម៖
១- បញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា
២- កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន
៣- អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ បើសិនជាមានអ្នកប្រមូលថវិកាខុសពីតារាងកម្រៃថ្មី ដូចដែលបានជូនភ្ជាប់មកជាមួយនេះ សូមធ្វើការទាក់ទងលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ០២២ / ៕
ដោយ ៖ សិលា