ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធនឹងវិស័យពិការភាពជាពិសេសដើម្បីចូលរួមទប់ស្កាត់នូវអំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព។ លោកថ្លែងបែបនេះក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញចរចាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រនិងពិការភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាឆ្នាំ២០២២នេះ។
លោក ឯម ច័ន្ទមករា បានថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនលើសិទ្ធិរបស់ជនមានពិការភាព ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលផែនការនេះគឺមានយុទ្ធសាស្រ្តមួយគឺផ្តោតទាំងស្រុងទៅលើ បញ្ហាយេនឌ័រ និងបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីដែលមានពិការភាព។ លោកបន្ថែមថា ជនមានពិការភាពត្រូវបានការពារបន្ថែមដោយច្បាប់ជនពិការដែលមានន័យថា «នៅពេលដែលជនមានពិការភាពត្រូវបានរំលោភបំពាននោះ ជនដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់នានា ហើយត្រូវបន្ថែមស្ថានទម្ងន់ទោសទៀតដោយផ្អែកលើច្បាប់ជនពិការ»។
ដូច្នេះការយល់ដឹងពាក់ព័ន្ធនឹងវិស័យពិការភាពដោយពលរដ្ឋទូទៅគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាពមិនថាសម្រាប់តែអ្នកដែលមានពិការភាព ឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាល សម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ។
លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Connor Floyd បានលើកឡើងថានៅទូទាំងពិភពលោក ស្ត្រីមានពិការភាពកំពុងប្រឈមនឹងអំពើហឹង្សាដល់ទៅបីដងច្រើនជាងស្ត្រីដែលគ្មានពិការភាព។ ប្រទេសជាច្រើនបន្តដោះស្រាយបញ្ហាយេនឌ័រ និងពិការភាពដោយឡែកពីគ្នាដោយមានការពិចារណាតិចតួចសម្រាប់ចំណុចប្រសព្វរវាងពួកគេ ដែលធ្វើឱ្យ ស្ត្រី និងកុមារីដែលមានពិការភាពបាត់បង់ការគាំទ្រសម្រាប់ទទួលបានសេវា និងកម្មវិធីប្រកបដោយគុណភាពជូនពួកគេ។
លោកបន្ថែមថា៖ «ជាងនេះទៅទៀត ស្ត្រីពិការជាច្រើនមិនស្វែងរកសេវា ឬការគាំទ្រដោយសារតែខ្វះទំនុកចិត្ត។ បើគ្មានការគាំទ្រ និងការលើកទឹកចិត្តពីគ្រួសារ និងសហគមន៍ដែលពាក់ព័ន្ធទេ សំឡេងរបស់ពួកគេ(ស្ត្រីនិងកុមារីមានពិការភាព)មិនត្រូវបានឮដោយអ្នកធ្វើការសម្រេចចិត្ត និងអ្នកផ្តល់សេវាប្រហែលជាមិនដឹងពីឧបសគ្គជាក់លាក់ដែលពួកគេកំពុងប្រឈមមុខនោះទេ។ ផ្ទុយទៅវិញ ស្ត្រីពិការដែលមានសិទ្ធិអំណាច និងមានទំនុកចិត្តអាចចែករំលែកបទពិសោធន៍របស់ពួកគេ និងរួមចំណែកកំណត់ដំណោះស្រាយសមស្របបំផុតចំពោះបញ្ហារបស់ពួកគេ»។
ទោះជាយ៉ាងណាសម្រាប់កម្ពុជាលោកមើលឃើញថាទាំងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបានបង្ហាញនូវការចូលរួមដើម្បីស្វែងរកដំណោះស្រាយ ដែលលោកថាស្ត្រី និងកុមារីមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍ពីសកម្មភាពនេះ។
រដ្ឋលេខាធិការ និងជាអគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា ក៏បានទទួលស្គាល់ថាស្ត្រី និងកុមារីដែលមានពិការភាពទូទាំងពិភពលោកជួបប្រទះបញ្ហាយេនឌ័រ ពិការភាព និងភាពក្រីក្រទាក់ទងនឹងការមាក់ងាយ ការរើសអើង និងគុណវិបត្តិជាច្រើន បើប្រៀបធៀបទៅនឹងស្ត្រីដែលគ្មានពិការភាព។
លោកបញ្ជាក់ថា៖ «ក្រសួងសង្គមកិច្ច ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានការប្តេជ្ញាចិត្តធានាថាស្ត្រី និងកុមារី ពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត»។
បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង៥០ម៉ឺននាក់ ស្មើរនឹង៤,៩ភាគរយនៃប្រជាជនសរុប១៦លាននាក់។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា ធ្លាប់លើកឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថា តាមការអង្កេតរបស់លោកឃើញថាបច្ចុប្បន្នការប្រើប្រាស់អំពើហិង្សាលើស្រ្តី ឬកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយច្រើននៅកម្ពុជា។ ការកាត់បន្ថយនេះដោយសារពលរដ្ឋមានការយល់ដឹងច្រើនពីសិទ្ធិរបស់ជនមានពិការភាព និងការចូលរួមផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះ៕
ដោយ៖ សិលា