ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ី-ចិនជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី១៥ ខែមិថុនាប្រធានាធិបតីចិនលោក សុី ជីនពីង បានបញ្ជាក់ជាថ្មីថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ។ ការបញ្ជាក់បែបនេះរបស់លោកសុីបង្ហាញឱ្យឃើញថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះនោះឡើយ។
នេះជាលើកដំបូងដែលមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។ តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានបន្តរក្សាទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងមូស្គូ ហើយចិនក៏ព្យាយាមធ្វើជាអាជ្ញាកណ្តាលស្វែងរកសន្តិភាពនៅអ៊ុយក្រែនផងដែរ។
នៅក្នុងសេចក្តីប្រកាសស្តីពីលទ្ធផលនៃជំនួបពិភាក្សាតាមទូរស័ព្ទនោះ ប្រធានាធិបតីចិន បានសន្យារក្សាទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសរុស្ស៊ី ក្នុងពេលដែលការប្រឈមមុខជាមួយអាមេរិកកាន់តែតានតឹងខ្លាំងឡើង។
ប្រធានាធិបតីចិនបញ្ជាក់ទៀតថា ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងនិងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលប្រទេសទាំងពីរយកចិត្តទុកដាក់ ក្នុងនោះមានទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីជាដើម៕ ដោយ៖ ធីរីណា

រូបថត​ ៖ NY Times


ចែករំលែក៖