ព័ត៌មានទាន់ហេតុការណ៍៖

លួចគាស់ផ្ទះពលរដ្ឋយកម៉ូតូ១គ្រឿងមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋយកម៉ូតូកាលពីវេលាម៉ោង០៣និង២៣នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ 

     មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យមានគ្នា០៣នាក់ ទី១-ឈ្មោះ​ ចាន់ វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំប៉ក់ ឃ៉ំចំប៉ី ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន), ទី២-ឈ្មោះ យូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅសង្តាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(រត់គេចខ្លួន)និងទី៣-ឈ្មោះ ស្នា(ហៅឌី) អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌច្បារអំពៅ ភ្នំពេញ(រត់គេចខ្លួន)។  ចំណែកជនរងគ្រោះឈ្មោះគឹម ចាន់ត្រា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ដោយឡែកវត្ថុតាងដកហូតបាន: ម៉ូតូ១គ្រឿងម៉ាកHONDA C125 ស៊េរីឆ្នាំ២០០៧​ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1H-6837(របស់ជនរងគ្រោះ)​, ដងទួណឺវីសជ័រ ពណ៌លឿងខ្មៅម៉ាកDading, មេសោចិនពណ៌ខ្មៅ, ម៉ូតូមួយគ្រឿងម៉ាកវេ៉វអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រែវែង 1Q-8991។  

      ប្រភព​ដដែលបន្តថា កាលពីថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០នាទី ជនរងគ្រោះឈ្មោះ គឹម ចាន់ត្រា ភេទប្រុស បានទុកម៉ូតូ១គ្រឿងម៉ាកHONDA C125 សេ៊រីឆ្នាំ២០០៧ ពាក់ស្លាកលេខកណ្ដាល1H.6837 ទុកនៅក្នុងផ្ទះលក់ថ្នាំពេទ្យ រួចចូលសម្រាកនៅបន្ទប់ក្នុងផ្ទះ ។  លុះដល់ថ្ងៃទី១៥ខែឆ្នាំដដែល វេលាម៉ោង០៣និង២៣នាទីទៀបភ្លឺ ឈ្មោះ គឹម ចាន់ត្រា ក្រោកពីដេកបើកទ្វារបន្ទប់ចេញក្រៅឃើញទ្វារផ្ទះចំហ មិនឃើញម៉ូតូរបស់ខ្លួន ដោយសង្ស័យថាមានចោរលួច​ ក៏ខលទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួចហើយ  កម្លាំងប៉ុស្តិ៍បន្ទាយដែកសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ ចាន់ វិរៈ ដែលកំពុងជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួន យកមកប៉ុស្តិ៍ធ្វើការសាកសួរ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចាន់ វីរៈបានឆ្លើយសារភាពថា៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ម៉ោង ១៦និង៣០នាទីខ្លួននិងឈ្មោះ ស្នា(ហៅឌី) បានជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ មិនចាំស្លាកលេខ ឌុបគ្នាទៅលេងផ្ទះបងស្រីបង្កើតឈ្មោះ ភណ្ឌ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងឃ៉ំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អង្គុយហូបស្រាបៀរ និងសម្រាកនៅផ្ទះបងស្រី។  លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង០៣និង០០នាទី ឈ្មោះស្នា(ហៅឌី)ភេទប្រុស បានខលទូរស័ព្ទហៅ ឈ្មោះ យូ ឱ្យជួបគ្នានៅស្ថានីយប្រេងឥន្ធនៈPTG24ម៉ោងស្ថិតនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។  បន្ទាប់មកឈ្មោះ យូ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេ៉វអាល់ហ្វា ពណ៌ខ្មៅពាក់ស្លាកលេខព្រែវែង 1Q-8991មកជួបតាមការណាត់គ្នា រួចឈ្មោះ ស្នា(ហៅឌី) បានហុចដងទួណឺវីសម៉ាក Dading ពណ៌លឿងមកឱ្យឈ្មោះ ចាន់ វីរៈកាន់ ចំណែកឈ្មោះ ស្នា(ហៅឌី) យកផ្លែទួណឺវីស​ទៅឆ្កឹះមេសោចិនពណ៌ខ្មៅដែលចាក់ជាប់នឹងទ្វារផ្ទះរបស់ឈ្មោះ គឹម ចាន់ត្រា បើកទ្វារចំហ រួចចេញមកវិញឱ្យឈ្មោះ ចាន់ វីរៈ ចុះទៅបណ្តើរម៉ូតូម៉ាកHONDA.C125 សេ៊រីឆ្នាំ២០០៧

ពណ៌ខ្មៅ ពាក់ស្លាកលេខ1H-6837 ជិះយកមកជួបឈ្មោះ យូ ចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈPTG២៤ម៉ោង រួចបន្តដំណើរទៅភ្នំពេញ។ ពេលជិះចេញផុតមកដល់មុខរោងចក្រផលិតប្រេងតូតាល់ ត្រូវសម្ថតកិច្ចចាប់ខ្លួនបាន។

   ក្រោយពីសាកសួររួចរាល់ហើយ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖