ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ច្បាស់ការពីកម្លាំងសហការដែលបានចុះប្រត្តិប្រត្តការបង្រ្កាបរថយន្តកែច្នៃដឹកឈើផ្ទាល់ថា កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ យប់ម៉ិញក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្ទាក់បង្រ្កាបរថយន្តកែច្នៃចំនួន៣គ្រឿង ប៉ុន្តែដោយកម្លាំងតិចធ្វើការបង្រ្កាបបានតែ១គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗ ស្មើប្រមាណ១០ម៉ែត្រត្រីគុណ ដែលករណីនេះ ដូចវាយបំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និងក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជាប្រធានស្នាក់ការរង(អំពិល)អញ្ចឹង ។
សមត្ថកិច្ចបានឲ្យដឹងនារសៀលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តកែច្នៃដឹកឈើមុខកាត់ធំៗខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច បន្តទៀតថា រថយន្តកែច្នៃត្រូវបានបង្រ្កាបមានផ្ទុកឈើអារបួនជ្រុងចំនួន៣ដុំធំៗ ក្នុងនោះចំនួន២ដុំមានមុខកាត់ទំហំប្រមាណ០,៥០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ និង១ដុំទៀត មានមុខកាត់ទំហំប្រមាណ០,៩០ម៉ែត្រ មានប្រវែង៦ម៉ែត្រដូចគ្នា ដូច្នេះឈើជ្រុងទាំងចំនួន៣ដុំធំៗនេះ មិនក្រោម១០ម៉ែត្រត្រីគុណនោះទេ ហើយឈើអារបួនជ្រុងដឹងតាមមធ្យោបាយរថយន្តកែច្នៃនេះ ចេញពីតំបន់ព្រៃភ្នំ(ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់)ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ដ៍រឹងម៉ាំមួយ គឺ ស្នាក់ការរង(អំពិល)មានលោក សេន ឆៃលី មន្ត្រីបរិស្ថានជាប្រធាន ហើយរថយន្តកែច្នៃដឹកឈើនេះមកទំលាក់ចុះនៅក្បែរបងសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ មានលោក សុខ ប្រសិទ្ធ ជានាយសង្កាត់ ទំរ៉ាំមកដល់នេះក៍ឆ្លងកាត់សមត្ថកិច្ចតាមដងផ្លូវច្រើនស្ថាប័ន ក្នុងនោះក៍មាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្នាក់ក្រសួងមហាផ្ទៃឈរជើងនៅទីនោះផងដែរ ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះ លោក សេន ឆៃលី មន្ត្រីបរិស្ថាន និងជាប្រធានស្នាក់ការរង(អំពិល)ដែលល្បីល្បាញខាងពង្រាយមន្រ្តីក្រោមឱវ៉ាទ ដាក់តាមគម្ពោទព្រៃគ្រប់ច្រកល្ហក ដើម្បីប្រមូលលុយពីរទេះ ម៉ូតូ គោយន្ដ និងរថយន្តដឹកឈើ បានឲ្យអ្នកកាសែត(នគរវត្ត)ដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា តំបន់គាត់គ្រប់គ្រងគ្មានទេអ្នកដឹកឈើ(មានតែអ្នកដឹងថ្ម)ហើយគេមានច្បាប់ ។
ចំណែកលោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ បានឲ្យដឹងតាមទូរស័ព្ទនារសៀលដដែលនេះដែរថា វត្ថុតាងរថយន្តកែច្នៃដឹកឈើត្រូវបានបង្រ្កាប លោកបានទទួលហើយដើម្បីបន្តនីតិវិធី ។ ពាក់ព័ន្ធបទល្មើសព្រៃឈើកើតមានយ៉ាងគរគ្រឹកគរគ្រេងនៅស្រុកក្រគរនេះ លោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលក្រគរ ក៍បានប្រាប់ឲ្យដឹងតាមទូរស័ព្ទដែរថា បានបង្រ្កាបហើយ ការពិតគេបង្រ្កាបមកទៅប្រគល់ឲ្យសោះ ។
ទោសយ៉ាងណាក្ដីៈ ប្រជាជននៅតំបន់នោះបានសរសើសមត្ថកិច្ចដែលបានបង្រ្កាប ខណៈឃើញសមត្ថកិច្ចដាក់កុងត្រូលជជុះបណ្ដាក់គ្នាដូចខ្យង នៅដែនរដ្ឋបាលឃុំឈើតុំមិនបង្រ្កាប ឃើញតែជំរិតទារលុយពីពលរដ្ឋដឹកផលអនុផលព្រៃឈើតិចតួច ករណីនេះដូចវាយបំបែកឆ្នាំងបាយឆ្នាំងសម្លរ លោក សុខ ប្រសិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ និងលោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ជាពិសេស លោក សេន ឆៃលី មន្ត្រីបរិស្ថាន ជាប្រធានស្នាក់ការរង(អំពិល)៕
ដោយ៖ ប៉ឹម ពិន